ក្លឹប Manchester United ត្រូវបានគេរាយការណ៍មកថាកំពុងពិចារណា ដាក់សំណើតម្លៃ ៩០លានផោនទិញខ្សែប្រយុទ្ធជម្រើសជាតិវែល Gareth Bale នេះបើតាមកាសែត Daily Star ចុះផ្សាយ។
ក្លឹបលេងនៅ Premier League មួយនេះបានចុះកុងត្រាយកខ្សែការពារ Victor Lindelof (Benfica)ខ្សែប្រយុទ្ធ Romelu Lukaku (Everton)និងខ្សែបម្រើ Nemanja Matic (Chelsea) ក្នុងរដូវដោះដូរកីឡាករនេះ។តែក្លឹបចង់បានខ្សែប្រយុទ្ធស្លាបម្នាក់ទៀត ទើបអញ្ចឹងហើយ ពួកគេនៅតែមានការជាប់ទាក់ទងក្នុងការចំណាយលុយធំផ្ទេរខ្សែប្រយុទ្ធរូបនេះពី Real Madrid ក្នុងរដូវកាល២០១៧/១៨។
កីឡាករវ័យ២៨ឆ្នាំ ដែលបានបង្ហាញខ្លួនឲ្យជម្រើសជាតិកូននាគក្រហមវែល រកបាន៩គ្រាប់ និងបញ្ជូនបាល់បាន៥គ្រាប់ក្នុងរដូវកាលមុនជួយក្លឹបឈ្នះ Champions League និង La liga។ Bale, ដែលជាកីឡាករមកដល់ Bernabeu ក្នុងខែកញ្ញាឆ្នាំ២០១៣ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក៨៥.១លានផោន ពីក្លឹបTottenham Hotspur បានទាត់បញ្ចូលទី៦៧គ្រាប់ក្នុង១៥០ប្រកួតនៅ Real Madrid។
បែបណាក្ដី! អតីតយុវជនរបស់ Southampton ដែលបានរកគ្រាប់បាល់បាន២៦គ្រាប់ឲ្យជម្រើសជាតិវែលនឹងត្រូវបានលក់ចេញដោយលោក Zidane ក្នុងរដូវកាលនេះ ខណៈក្លឹបកំពុងរៀបចំឯកសារទិញយក Kylain Mbappe ពីក្លឹប Monaco។ តាមរបាយការណ៍សន្និដ្ឋានថាក្រុមបិសាចក្រហមរបស់លោក Jose Mourinho អាចទម្លាក់លុយ៩០លានផោនទិញយកតែម្ដង ក្រោយគ្រូបង្វឹករូបនេះ ធ្លាប់បាននិយាយថា ចង់ខ្សែប្រយុទ្ធស្លាបម្នាក់ទៀត ឲ្យក្រុមរបស់លោកមានសមតុល្យ និងជម្រើសច្រើនសម្រាប់រដូវកាលក្រោយ។
ការស៊ីញេកុងត្រាបំបែកកំណត់ត្រារបស់ Man Utd គឺទិញ Paul Pogba ពី Juventus ក្នុងតម្លៃ៨៩លានផោនកាលពីរដូវកាលមុន៕