អតីត​ខ្សែ​ប្រយុទ្ធ​ Liverpool កីឡាករ​ Robbie Fowler បាន​ជឿ​ថា​ ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ទាំង​បួន​របស់​អតីត​ក្រុម​របស់​ខ្លួន​ គឺ​មាន​សមត្ថភាព​ល្អ​ខ្លាំង​ដូច​កីឡាករ​ល្អ​ៗ​មួយ​ចំនួន​នៅ​អឺរ៉ុប​ដែរ។

វរបុរស​ក្រុម​ហង្ស​ម្នាក់​​នេះ​ បាន​សរសើរ​ពី​របៀប​ដែល​លោក Jurgen Klopp រៀប​ចំ​កីឡាករ​ក្នុង​ការ​ប្រកួត​មុន​បើក​រដូវ​កាល ​ពិសេស​ជាមួយ​នឹង​ការ​ប្រកួត​ដោយ​យក​ឈ្នះ ​Bayern Munich ក្នុង​ពាន ​Audi Cup ហើយ​សរសើរ​ Sadio Mane, Philippe Coutinho, Roberto Firmino និង Mohamed Salah។ គាត់​បាន​បន្ថែម​ថា​ខ្សែ​ប្រយុទ្ធ​បួន​រូប​ដែល​បាន​ដាក់​ឲ្យ​លេង​ក្នុង​ការ​ប្រកួត​នេះ​ល្អ​ជាង​ក្លឹប​ដទៃ​ទៀត​នៅ​អឺរ៉ុប។

“ខ្ញុំ​គិត​ថា​​កីឡាករ​ជួរ​មុខ​៤​រូប​របស់​ Liverpool ​គឺ​ល្អ​ៗ​ដូច​កីឡាករ​របស់​ក្លឹប​ខ្លាំង​នៅ​អឺរ៉ុប​ដទៃ​ទៀត​ដែរ។ Firmino, ការ​ប៉ះ​បាល់ ​និង​ចលនា​របស់​គាត់​ល្អ​ណាស់​។​Coutinho,​ខ្ញុំ​គិត​ថា​យើង​បាន​និយាយ​ច្រើន​រួច​មក​ហើយ ​​គឺ​និយាយ​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ថា​គាត់​ល្អ​ប៉ុណ្ណា។ ល្បឿន​និង​ការ​ញាក់​បាល់​របស់ ​Mane ដល់​កម្រិត​កំពូល​ ប៉ុន្តែ​កីឡាករ​ល្អ​ក្នុង​ Pre-Season គឺ​ Salah”។

ចុះ​ប្រិយមិត្ត​របស់​វេបសាយ​អាណាចក្រ​កីឡា​វិញ​គិត​ដូច​ម្ដេច​ដែរ?