ខ្សែ​ការពារ​កម្ពស់​បាន​ David Luiz នឹង​ក្លាយ​ជា​ប្រធាន​ក្រុម​ជំនួស​ John Terry នៅ​រដូវ​កាល​ក្រោយ​បន្ទាប់​ពី​បង្ហើប​ឲ្យ​ដឹង​ពី​​គ្រូ​បង្វឹក​លោក​ Antonio Conte ។

Terry មាន​វ័យ​៣៦​ឆ្នាំ​ទៅ​ហើយ​​បាន​ទៅ​ចូល​រួម​ជាមួយ ​Aston Villa ក្នុង​សប្ដាហ៍​នេះ​បន្ទាប់​ពី​បញ្ចប់​ការ​រួម​រស់​រយៈ​ពេល​១៩​ឆ្នាំ​នៅ​ Stamford Bridge ​ហើយ​ Conte រំពឹង​ថា​នឹង​រក​ប្រធាន​ក្រុម​ថ្មី​ ដែល​ជា​ខ្សែ​ការពារ​សម្រាប់​រដូវ​កាល​ក្រោយ​ក៏​ដូច​ជា​ការ​ប្រកួត​ Pre-Season Tour។ Gary Cahill ត្រូវ​បាន​គេ​ដឹង​ថា​ជា​អនុ​ប្រធាន​ក្រុម​មាន​ភាគរយ​ច្រើន​ ខណៈ​ខ្សែ​ការពារ​ស្លាប​ Cesar Azpilicueta ជា​បេក្ខភាព​ដ៏​សាក​សម​មួយ​រូប​ដែរ។

ប៉ុន្តែ​ប្រភព​ The Sun វិញ​បាន​សរសេរ​ថា​ Luiz ជា​បេក្ខភាព​នាំ​មុខ​គេ​ដែល​អាច​ក្លាយ​ជា​ប្រធាន​ក្រុម​ បន្ទាប់​បង្ហាញ​ថ្វី​ជើង​បាន​ល្អ ​ពេញ​ចិត្ត​ពី​លោក ​Conte។ ខ្សែ​ការពារ​សញ្ជាតិ​ប្រេស៊ីល​បាន​មក​ចូល​លេង​ជាមួយ ​Chelsea ឡើង​វិញ​ក្រោយ​ចាក​ចេញ​ពី ​PSG ក្នុង​តម្លៃ​៣០​លាន​ផោន​កាល​ពី​រដូវ​កាល​មុន​ ហើយ​ជួយ​Chelsea ឈ្នះ​ពាន​តែ​ម្ដង។

Luiz ក៏​ជួប​បញ្ហា​របួស​កាល​ពី​ពាក់​កណ្ដាល​រដូវ​កាល​មុន​​ប៉ុន្តែ​យ៉ាង​រូប​គរ​នៅ​តែ​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​ដដែល​។ សម្រាប់​ប្រិយមិត្ត​វិញ​ តើ​ Luiz អាច​ក្លាយ​ជា​ប្រធាន​ក្រុម​Chelsea ជំនួស​Terry ​ដែល​កាន់​កាប់​ស្លាក​សញ្ញា​នេះ​កាល​ពី​ឆ្នាំ​២០០៤?