ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​មាន​ការ​ចុះ​ផ្សាយ​ព្រោងព្រាត​អំពី​ព័ត៌មាន​ដ៏​រសើប​ ដែល​និយាយ​អំពី​ក្លឹប​អ្នក​មាន​នៅ​បារាំង​Paris ​Saint-Germain ​ចង់​ទិញ​ Philippe Coutinho​ ដើម្បី​យក​ទៅ​លួង​ចិត្ត​ Neymar។

ខណៈ​ដែល​មាន​ដំណឹង​ជា​ច្រើន​ដែល​និយាយ​ថា​ Neymar ចង់​ចេញ​ពី ​PSG ​ទៅ​ចូលរួម​ជាមួយ ​Real Madrid ​លោក​ Nasser Al Khelaifi មហាសេដ្ឋី​ម្ចាស់​ក្លឹប​ PSG បាន​បង្ហើប​អោយ​ដឹង​ពី​គម្រោង​នៃ​ការ​ដោះដូរ​កីឡាករ​ Kylian​ Mbappe ​ដើម្បី​ប្ដូរ​យក​ Coutinho ​ទៅ​លេង​ជាមួយ ​Neymar​ ដែល​ជា​ជនជាតិ​ប្រេស៊ីល​ និង​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​និង​គ្នា។

ដើម្បី​ជម្រះ​ភាព​មន្ទិល​សង្ស័យ​ពី​រឿង​នេះ​ Lionel Messi​ បាន​ចេញ​មក​បក​ស្រាយ​ថា​ កិច្ច​ព្រម​ព្រៀង​ដោះដូរ​រវាង​កីឡាករ​ទាំង​ពីរ​នាក់​នេះ​ មិន​អាច​កើត​ឡើង​នោះ​ទេ​ ព្រោះ ​Barcelona ​មិន​មាន​គម្រោង​ចង់​បាន ​Mbappe​ដែរ។

កាល​ពី​រដូវកាល​មុន​ ក្រុម​យក្ស​កាតាឡាន់​មួយ​នេះ​ ធ្លាប់​បាន​ព្យាយាម​ចរចា​យក​កីឡាករ​បារាំង​វ័យ​ក្មេង​រូប​នេះ​ ប៉ុន្ដែ​មិន​បាន​ជោគ​ជ័យ​ ហើយ​ពេល​នេះ​វត្តមាន​របស់​ Coutinho និង Dembele ធ្វើ​អោយ​ពួកគេ​បោះបង់​ចំណាប់​អារម្មណ៍​លើ Mbappeបាត់​ទៅ​ហើយ។

គួរ​បញ្ជក់​ផង​ដែរ​ថា​ Philippe Coutinho បាន​ចូលរួម​ជាមួយ​ Barcelona ​កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ​ ដោយ​មាន​តម្លៃ​ខ្លួន​ ១៤២​លាន​អឺរ៉ូ ជាមួយ​កុងត្រា​ ៥​ឆ្នាំ​កន្លះ​ ដែល​ធ្វើ​អោយ​តម្លៃ​ផ្ដាច់​កុងត្រា​របស់​គេ​ ឡើង​ដល់​ជិត​៤០០​លាន​អឺរ៉ូឯ​ណោះ​៕

Express