វីរបុរសក្រុមកាំភ្លើងធំ Arsenal គឺ Thierry Henry បានព្យាយាមដាក់សម្ពាធឲ្យអ្នកចាត់ការសញ្ជាតិបារាំងលោក Arsene Wennger ចាកចេញពីក្លឹបដោយសារតែ Henry ខ្លួនឯងផ្ទាល់ក៏មានបំណងចង់ធ្វើជាគ្រូបង្វឹករបស់ក្រុមកាំភ្លើងធំដែរ។
តំណែងរបស់ Wenger នៅ Arsenal ពេលនេះកាន់តែក្ដៅបន្ទាប់ពីចាញ់ពាន Carabao Cup កាលពីយប់មិញ ទៅលើដៃក្រុមManchester City និងកំពុងប្រឈមទៅនិងការអត់កៅអី Champion League លេងនៅឆ្នាំក្រោយទៀត។ នៅក្នុងលីក Arsenal កំពុងឈរលេខ៦ មាន៤៥ពិន្ទុ តាមពីក្រោយក្រុមលេខ៥ Chelsea ដល់ទៅ៨ពិន្ទុ។ ខណៈពេលនេះ លោកWenger នៅសល់កុងត្រាតែមួយឆ្នាំទៀតប៉ុណ្ណោះ ជាមួយក្លឹប ហើយការសម្រេចចិត្តទុកគាត់បន្ត ឬ បញ្ចប់ទំនាក់ជាមួយគ្នា នឹងត្រូវប្រកាសឲ្យដឹងនៅពេលចប់រដូវកាលនេះហើយ។
ចំពោះ Thiery Henry សព្វថ្ងៃគាត់ជាជំនួយការគ្រូបង្វឹកនៃក្រុមជម្រើសជាតិបែលហ្សិក គឺលោក Roberto Martinez។ នៅពេលដែលត្រូវបានអ្នកកាសែត Sky Sports ចោទសួរថា តើលោក (Henry) មានចំណាប់អារម្មណ៍ចង់ក្លាយជាអ្នកចាត់ការរបស់ Arsenalដែរឬទេ? គាត់បានឆ្លើយតបមកវិញថា៖
” ស្ដាប់ណា! ខ្ញុំមានការងាររបស់ខ្ញុំជាមួយជម្រើសជាតិប៊ែលហ្សិកហើយតែរឿងធ្វើជាអ្នកចាត់ការArsenal គឺតែងតែជាក្ដីសុបិនរបស់ខ្ញុំ។ ពិតប្រាកដណាស់ ខ្ញុំពិតជាចាប់អារម្មណ៍ រឿងអីដែលថាវាមិនអាចទៅរួចនោះ! ប៉ុន្ដែខ្ញុំត្រូវតែគោរពដល់លោកWenger ដែលជាគ្រូបង្វឹកនៅឡើយ”៕