ក្លឹប Real Madrid កំពុងពិចារណាក្នុងការនាំចេញកីឡាករកំពូលល្បឿនរបស់ពួកគេគឺ Gareth Bale នៅក្រោយការប្រកួតWorld Cup ចប់។
អតីតខ្សែប្រយុទ្ធរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur រូបនេះហាក់ដូចមិនសូវជោគជ័យនៅទឹកដីអេស្ប៉ាញនោះទេ ដោយសារតែមានបញ្ហារបួសញាំញីជាប្រចាំ តាំងពីចូលរួមជាមួយក្រុមស្ដេចសនៅឆ្នាំ២០១៣មក។ រូបគេមានបញ្ហារបួសច្រើនស្មុគស្មាញពិបាកនិងពន្យល់ ទោះបីជាអំឡុងពេលប្រកួតនៅលើទីលាន គេពុំសូវរងការប៉ះទង្គិចជាមួយកីឡាករដទៃក៏ដោយ ។ ក្នុងរដូវកាលនេះ Bale បានចូលលេងតែប៉ុន្មានប្រកួតប៉ុណ្ណោះ ដោយភាគច្រើនដូរចូលនៅចុងម៉ោង។
តាមពាក្យចចាមអារ៉ាមជាច្រើន គេសង្ស័យថា Gareth Bale អាចនឹងវិលត្រលប់ទៅក្លឹបចាស់របស់ខ្លួនវិញ បើសិនជាមានការដោះដូរគ្នារវាង Harry Kane ទៅកាន់ Real Madrid។ ចំពោះការលក់កីឡាករនេះចេញ Real Madrid មានការយល់ឃើញអាស្រ័យដោយហេតុផលទាំង៥យ៉ាងខាងក្រោមនេះ:
១. មកពីរបួស
ហេតុផលសំខាន់ជាងគេនេះគឺមកពី Bale តែងតែមានរបួសជាប្រចាំ ដែលគេពិបាកនឹងរក្សាទុកកីឡាករនេះនៅក្នុងក្រុមបន្តទៀត។
២. អស់ជំនឿចិត្ត
ទោះបីជាកីឡាករសញ្ជាតិវែលរូបនេះ មានទម្រង់លេងដ៏ល្អ នៅពេលដែល fit ១០០ភាគរយតែក្នុងរយៈពេល៥ឆ្នាំមកនេះ គេមិនទាន់បានឃើញBale លេងបាល់បានពេញជើងល្អនោះទេ។
៣. បាត់បង់ការប្រកួតប្រជែងក្នុងក្រុម
ខណៈដែលReal Madrid ត្រូវបានគេដឹងថា ជាទីកន្លែងដ៏តានតឹង និងពោរពេញទៅដោយសម្ពាធ ព្រោះកីឡាករទាំងអស់នៅក្នុងក្រុមត្រូវតែខំប្រឹងហ្វឹកហាត់ ដើម្បីដណ្ដើមយកកៅអីជម្រើសដំបូងនៅក្នុងក្រុម ប៉ុន្ដែ Bale ហាក់ដូចជាបាត់បង់ទំនុកចិត្តនិង ការតស៊ូដើម្បីរក្សាតំណែងរបស់ខ្លួនតទៅទៀត។
៤. រុះរើប្រព័ន្ធប្រយុទ្ធ
ដោយសារតែអវត្តមានរបស់ Bale ធ្វើកីឡាករវ័យក្មេង Marco Asensio បានក្លាយជាអ្នកជំនួសតំណែងដ៏សំខាន់របស់គេ។Asensio អាចលេងបានយ៉ាងល្អនៅខាងលើជាមួយ Ronaldo និង Isco ដែលអាចក្លាយជាប្រព័ន្ធប្រយុទ្ធថ្មីជំនួស BBC។
៥. អាចបានលុយខ្លះមកវិញ
កាលចាយលុយរហូតដល់១០០លានដុល្លារ បានក្លាយជាការខកចិត្ត បន្ទាប់ពីកីឡាកររូបនេះមិនអាចផ្ដល់នៅការតបស្នងជូនក្រុមវិញអោយសមទៅនិងតម្លៃខ្លួនរបស់គេ។
Real Madrid សង្ឃឹមថា អាចលក់រូបគេបានថ្លៃប្រហែលខ្ទង់៨០ ឬ៩០លានដុល្លារវិញ ពេលទីផ្សារដោះដូរបើកនៅរដូវក្ដៅនេះ មុនពេលអស់ហាងឆេង។
Marce EN