អ្នក​គាំទ្រ​ក្រុម​កាំភ្លើង​ធំ​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល ​ចំពោះ​ក្រុម​របស់់​ខ្លួន​កាល​ពី​យប់​មិញ​ ដោយ​សារ​ការ​ស្លៀក​ឈុត​ក្រៅ​ដី​ នៅ​ក្នុង​ការ​ប្រកួត​ក្នុង​ទឹក​ដី​ខ្លួន​ឯង​ ហើយ​ត្រូវ​រង​ការ​ខកចិត្ត​ដោយ​ត្រូវ​ក្រុម​ភ្ញៀវ​យក​ឈ្នះ​ក្នុង​លទ្ធផល​២​ទល់​១ ។

ចំពោះ​មូល​ហេតុ​ពិត​ប្រាកដ​ដែល​ក្រុម ​Arsenal សម្រេច​ចិត្ត​ប្រើប្រាស់​ឈុត​ពណ៍​ខៀវ​ក្រៅ​ដី​របស់​ខ្លួន​បែប​នេះ​ ដោយសារ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​មើល​ឃើញ​ថា​ សម្លៀកបំពាក់​ក្នុង​ដី​ពណ៌​ក្រហម ស របស់​ពួក​គេ​មាន​ភាព​ស្រដៀង​គ្នា​ទៅ​និង​ឈុត​ក្រៅ​ដី​របស់​ក្រុម​Ostersunds ​មាន​ពណ៌​ក្រហម​លាយ​ខ្មៅ​ដែល​ជា​ក្រុម​ភ្ញៀវ​ ។

ដូច្នេះ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ភាន់ច្រឡំ​ ពិបាក​បែងចែក​កីឡាករ​នៅ​លើ​ទីលាន​ គេ​ក៏​បាន​សម្រេច​ចិត្ត​អោយ​Arsenal​ ស្លៀក​ឈុត​ក្រៅ​ដី​ពណ៌​ខៀវ​ ចំណែក​Ostersunds ​ត្រូវ​ស្លៀក​ឈុត​ក្នុង​ដី​វិញ​ ដែល​មាន​ពណ៌​ស។ ទោះ​បី​ជា​យប់មិញ​ចាញ់​ តែ​Arsenal ​នៅ​តែ​បាន​ឡើង​ទៅ​វគ្គ​បន្ដ​ ដោយ​សារ​កាល​ពី​ជើង​ទី​១​ បាន​ឈ្នះ​៣-០ ​ដោយ​សរុប​ទាំង​ពីរ​ជើង​គឺ​៤​ទល់​និង​២។

នេះមិនមែនជាលើកទី១ទេ ដែលUEFA បាន​ធ្វើ​ការ​សម្រេច​កែប្រែ​បញ្ហា​មួយ​ចំនួន​ទៅ​លើ​ក្រុម​Arsenal ជាក់ស្ដែង​កាល​ពី​លេង​ជើង​ទី​១​ នៅ​ទឹកដី​ស៊ុយអែត កីឡាករHenrikh Mkhitaryan ត្រូវ​បាន​គេ​បង្ខំ​អោយ​ប្ដូរ​លេខ​អាវ​ដែល​គេ​ពាក់​ពី​លេខ​7​ ទៅ​ជា​លេខ​77​ វិញ​ ដោយ​សារ​គេ​អះអាង​ថា​ អាវ​លេខ​7​ នេះ​ត្រូវ​បាន​Alexis Sanchez ពាក់​តាំង​ពី​ដើម​រដូវ​កាល​មក​ម្ល៉េះ​ មាន​ន័យ​ថា​ លេខ​អាវ​មួយ​មិន​អាច​ពាក់​ដោយ​កីឡាករ​ពីរ​នាក់​បាន​ទេ​ក្នុង​មួយ​រដូវ​កាល៕

Dailymail