អ្នកចាំទី Petr Cech របស់ Arsenal យល់ឃើញថាការលេងនៅក្នុងពានរង្វាន់ Europa League រដូវកាលក្រោយ នឹងមិនអាក្រក់ពេកទេសម្រាប់ក្លិបកាំភ្លើងធំ ខណៈពួកគេនៅមានសង្ឃឹមអ៊ុតឱកាស Champions League នៅថ្ងៃបិទរដូវកាល Premier League នៅឡើយដែរ។
បើសិន Arsenal ឈ្នះ Everton នៅថ្ងៃអាទិត្យ ពួកគេត្រូវការឃើញ Liverpool ស្មើ Middlesbrough ឬ Manchester City ចាញ់ Watford ច្រើនគ្រាប់ ទើបពួកគេអាចឡើងចូល Top 4 បាន។ ប៉ុន្តែលទ្ធភាពនេះមិនងាយនឹងកើតឡើងឡើយ។ ដូច្នេះប្រសិនបើពួកគេបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ទី៥ ក្រុមលោក Arsene Wenger នឹងបានលេងត្រឹមពាន Europa League រដូវកាល២០១៧-១៨ ជាពានដែលពួកគេមិនដែលលេងសោះ១៧ឆ្នាំមកនេះ។
ប៉ុន្តែ Cech ដែលឈ្នះពានក្លិបអាជីពទី២ទ្វីបអឺរ៉ុបជាមួយ Chelsea ក្នុងឆ្នាំ២០១៣ យល់ថាពានរង្វាន់នេះសមនឹងទទួលបានការគោរព ជាពិសេសជើងឯកពាននេះឥឡូវទទួលបានកៅអី Champions League ដោយស្វ័យប្រវត្តិ។
ប្រធានក្រុមជម្រើសជាតិឆេកខាងលើ និយាយថា៖ “ពានរង្វាន់ទ្វីបអឺរ៉ុបមួយគឺជាពានរង្វាន់ទ្វីបអឺរ៉ុប។ ខ្ញុំត្រូវនិយាយថាអ្នកចង់បាន Champions League ជាង Europa League ប៉ុន្តែអ្នកអាចមើលឃើញកាន់តែច្រើនឡើងៗថា ក្រុមធំៗគោរពពាន Europa League ពីព្រោះវាជាពានទ្វីបអឺរ៉ុប។ ហើយឥឡូវអ្នកអាចជាប់ទៅលេង Champions League ទៀតផង (តាមរយៈការឈ្នះ Europa League)។ ខ្ញុំធ្លាប់លេងពាននេះម្ដង ហើយខ្ញុំឈ្នះវាដែលជាអនុស្សាវរីយ៍ដ៏មហស្ចារ្យមួយ។ តែពិតណាស់ ខ្ញុំចង់លេង Champions League ជាង។ តែរង់ចាំមើលថាអ្វីនឹងកើតឡើង”៕