ការលក់អាវរបស់ Alexis Sanchez បានបំបែកកំណត់ត្រាលក់អាវពីមុនៗរបស់ Manchester United ទោះបីជាកីឡាកររូបនេះទើបតែចាកចេញពី Arsenal មកដល់ Old Trafford កាលពីពាក់កណ្ដាលខែមករាក៏ដោយ។ លោក Ed Woodward អនុប្រធានក្លឹបបានបានបង្ហាញឲ្យដឹង។
Sanchez ផ្ទេរមក Man Utd ក្នុងកិច្ចព្រមព្រៀងដោះដូរជាមួយ Henrikh Mkhitaryan អំឡុងរដូវដោះដូរកីឡាករខែរងាហើយការដោះដូរនេះ បានធ្វើឲ្យស្ថានភាពពាណិជ្ជកម្មលក់អាវរបស់កីឡាករប្រែប្រួលយ៉ាងឆាប់រហ័ស។ លោក Woodward និយាយកាលម្សិលមិញថា៖” Alexis Sanchez បានបង្កើតកំណត់ត្រានៃការលក់អាវ ក្រោយចុះកុងត្រាក្នុងខែមករានេះហើយ លក់ដាច់ខ្លាំងលើសដល់ទៅ៣ដងនៃកំណត់ត្រាលក់ពីពេលមុនៗ”។
Woodward ក៏បាននិយាយអំឡុងពេលសន្និសីទកាសែតក្នុងកិច្ចព្រមព្រៀងបណ្ដាក់ទុនក្នុងពាក់កណ្ដាលឆមាសទី២របស់នារដូវកាល២០១៧-១៨ថាការផ្ទេរដោះដូរ Sanchez-Mkhitaryan បានធ្វើឲ្យអ្នកគាំទ្រក្នុងបណ្ដាញសង្គមទាំងអស់របស់Man Utd មានកើនឡើងដែលពីមុនមិនធ្លាប់កើតមានបែបនេះទេ។
“ ពាណិជ្ជកម្មនេះបានបង្កើនទិន្នន័យប្រព័ន្ធផ្សព្វផ្សាយគួរឲ្យចាប់អារម្មណ៍មួយចំនួន។ វាគឺជាការកើនឡើងនូវអ្នកគាំទ្រដ៏ច្រើនក្នុងបណ្ដាញសង្គម Instagram ជាមួយនឹងការ Like និង Comments រាប់លាននាក់ ហើយក៏មានអ្នកចែកចាយក្នុងបណ្ដាញសង្គមហ្វេសបុកដ៏ច្រើនសន្ធឹកសន្ធាប់ ដែលយើងមិនដែលជួបប្រទះ។ ការចែកចាយច្រើនជាងគេគឺការផុសម្ដងទៀត ( Retweeted) សញ្ញា #Alexis7 (hashtag) ពេញបណ្ដាញសង្គម Twitter ទូទាំងពិភពលោកផងដែរ”៕