បន្ទាប់ពីមានការព្យាករណ៍ជាច្រើន ហើយស្ងប់ស្ងាត់ក្នុងការទិញដូរកីឡាករបរទេស ពេលនេះ Buriram Unitd បានបំពេញកូតាកីឡាករអាស៊ានហើយ ដោយបានចុះកុងត្រាយកខ្សែប្រយុទ្ធសញ្ជាតិវៀតណាម Huoang Vu Samson ពីក្លឹប Hanoi FC។
កីឡាករសញ្ជាតិវៀតណាម ដើមកំណើតនីហ្សេរីយ៉ា មានជំនាញក្នុងតំបន់ប្រយុទ្ធគ្រប់រ៉ូល មិនថាបម្រើប្រយុទ្ធ ស្លាបឆ្វេងស្ដាំ ឬប្រយុទ្ធលេខ៩។ ទម្រង់លេងបែបនេះធ្វើឲ្យ Buriram ចុះកុងត្រាយក ដើម្បីមកជួយក្រុមការពារដំណែងជើងឯក Thai league និងពានលំដាប់អាស៊ី។
ខ្សែប្រយុទ្ធរូបនេះ ផ្ដើមអាជីពក្នុងប្រទេសវៀតណាមក្នុងក្លឹប Thang Quang Ninh និង Dong Thap មុនពេលផ្ទេរទៅលេងនៅ Atletico Madrid។ដោយមានបញ្ហាជាមួយកុងត្រានៅទីនោះ រូបគេត្រឡប់មកវៀតណាមវិញ ហើយចូលលេងនៅ Hanoi FC តាំងពីឆ្នាំ២០១១រហូតដល់បច្ចុប្បន្ន។
កាលដំបូង Buriram បានរំពឹងថានឹងអាចនាំយកមិត្តរួមក្រុមរបស់ Samson គឺ Ngyuen Van Quyet ប៉ុន្តែបែរជាប្ដូរចិត្តហើយជ្រើសយកកីឡាករដើមកំណើតអាហ្វ្រិករូបនេះទៅវិញ។ នេះគឺជាការបន្ថែមកីឡាករភ្លាមៗ បន្ទាប់ពីចុះកុងត្រាយក Edga Bruno de Silva ពីក្លឹបកាតា Al-Duhail៕