ក្លិបបាល់ទាត់ភ្នំពេញក្រោន បានជូនដំណឹងដល់អ្នកគាំទ្ររបស់ខ្លួនថាអ្នកគ្រូ ឈឿន នីផា ដែលជាគ្រូបង្វឹកក្រុមយុវជនក្រោមអាយុ១៤ឆ្នាំរបស់ក្លិប ត្រូវបានទទួលអញ្ញើញឱ្យទៅសិក្សាគ្រូបង្វឹកបាល់ទាត់កម្រិតទ្វីបអាស៊ី នៅប្រទេសចិន នៅចុងខែមិថុនា ខាងមុខ។
ប្រភពបញ្ជាក់ថាកញ្ញា ឈឿន នីផា ទើបតែទទួលបានការអញ្ជើញដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាល AFC Women’s Tutors Course ក្នុងនាមជាអ្នកតំណាងប្រទេសកម្ពុជា ខណៈដែលកម្មវិធីនេះទើបតែរៀបចំជាលើកដំបូងដោយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-២៩ ខែមិថុនា ខាងមុខនៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន។
កញ្ញា នីផា ធ្លាប់ទទួលបានសញ្ញាបត្រ AFC B-coaching licence នឹងចូលរួមក្នុងវគ្គសិក្សាថ្មីនេះដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីវិធីសាស្ត្រក្នុងការហ្វឹកហាត់ ក៏ដូចជាការផ្សព្វផ្សាយអំពីទេពកោសល្យដែលគ្រូបង្វឹកជានារីត្រូវយល់ដឹងដើម្បីក្លាយជាអ្នកបណ្តុះបណ្តាលម្នាក់ប្រកបដោយសមត្ថភាពទាំងលើចំណេះដឹង ភាពជាអ្នកដឹកនាំ ព្រមទាំងជាកត្តាលីករក្នុងការជំរុញវិស័យបាល់ទាត់នៅទ្វីបអាស៊ីឆ្ពោះទៅកាន់វឌ្ឍនភាព។
ក្នុងវគ្គបណ្តុះបណ្តាលនេះមានការធ្វើបទបង្ហាញពីលោកស្រី Vera Pauw មកពីសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) និងលោក Wim Koevermans អនុប្រធានផ្នែកបច្ចេកទេសរបស់សហព័ន្ធបាល់ទាត់អាស៊ី ដោយអ្នកទាំងពីរសុទ្ធតែមានបទពិសោធន៍ក្នុងការបង្វឹកកីឡាករ ក៏ដូចជាធ្លាប់ដឹកនាំក្រុមជម្រើសជាតិផងដែរ។ ក្លិបភ្នំពេញក្រោន ចាត់ទុកថានេះគឺឱកាសដ៏អស្ចារ្យសម្រាប់ កញ្ញា នីផា ដើម្បីបោះជំហានទៅមុខក្នុងអាជីពជាគ្រូបង្វឹកបាល់ទាត់របស់ខ្លួន។
យោងតាមប្រភពពីភ្នំពេញក្រោន បញ្ជាក់ផងដែរថា ក្រុមយុវជនអាយុក្រោម ១៤ឆ្នាំដែលស្ថិតក្រោមការដឹកនាំរបស់កញ្ញានីផា នឹងបង្ហាញខ្លួននៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ស្អែកនេះក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្រុម KM7 នៅវេលាម៉ោង ៨.៣០ ព្រឹកលើទីលានកីឡដ្ឋាន RSN តែម្តង។