សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បាន​ជូនដំណឹង​ថា​ក្រុមយុវជនអាយុក្រោម ១៧ ឆ្នាំ​ នៃ​សាលាបាល់​ទាត់ជាតិ​បាទី​ នឹង​ត្រូវ​ប្រកួត​បាល់ទាត់​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ ជាមួយ​យុវជន​អាយុ​ក្រោម​១៧ ឆ្នាំប្រចាំទីក្រុងហូជីមិញ​ ដែល​គ្រោង​នឹង​ប្រកួត​នៅលើ​ទឹកដីនៃខេត្តស្វាយរៀង។

ប្រភព​បន្ថែម​ថា​ការ​ប្រកួត​នេះ​គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៧ ខាងមុខនេះ​ លើ​ទីលាន​កីឡដ្ឋានខេត្តស្វាយរៀង​ ជា​ការ​ប្រកួត​ក្នុង​ឱកាស​នៃការ​សម្ភោធ​គម្រោង​សាលា​តម្រង់​ទិស​កីឡា​បាល់ទាត់​ទូទាំងប្រទេស។ ការ​ប្រកួត​នេះ​តម្រូវ​អោយ​មាន​ការ​ផ្លាស់ប្ដូរ​កាលបរិច្ឆេទ​នៃ​ការ​ប្រកួត​ក្នុង​ពានរង្វាន់​សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាក្នុងពានរង្វាន់លីគលំដាប់ទី ២ កម្ពុជា សម្រាប់​ U-17 សាលាបាលទាត់ជាតិបាទី ដែលត្រូវត្រៀមប្រកួតជាមួយ ក្លិបកងរាជអាវុធហត្ថខេត្តកំពង់ធំ ក៏ដូចជាក្លិបខេត្តកំពង់ចាម។

សូម​រំលឹក​ថា​ក្រុម​សាលា​បាល់ទាត់​ជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ស្រុក​បាទី ខេត្ត​តាកែវ ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ចាប់ដៃ​គ្នា​បង្កើត​ឡើង​ដើម្បី​បណ្តោះបណ្តាល​ធនធាន​កីឡាករ​ត្រៀម​​ទទួល​ធ្វើ​​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​​ស៊ីហ្គេម​ឆ្នាំ​២០២៣ ខាង​មុខ។ ពេល​នេះ​សាលា​មាន​បណ្តុះបណ្តាល​យុវជន​ចំនួន​២​ជំនាន់​គឺ​ក្រុម​យុវជន​ក្រោម​អាយុ​១៥​ឆ្នាំ ចំនួន១​ជំនាន់ និង​ជំនាន់​យុវជន​ក្រោម​អាយុ​១៧​ឆ្នាំ (U-17)។

ភាគ​ច្រើន​នៃ​កីឡាករ​ក្នុង​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី មាន​ឈ្មោះ​ជាប់​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្រោយ​អាយុ១៧​ឆ្នាំ (U17) ខណៈ​ក្រុម​ U17 របស់​កម្ពុជា មាន​បេសកម្ម​ចំនួន​២លើ​ឆាក​អន្តរជាតិ ពោល​គឺ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ជើងឯកយុវជន​ប្រចាំ​តំបន់​អាស៊ាន AFF U-18 Championship 2017 ចាប់ផ្តើមពីថ្ងៃទី ០៤​ដល់ថ្ងៃទី ១៧​ ខែ កញ្ញា ឆ្នាំ ២០១៧ នៅ​ប្រទេស​មីយ៉ានម៉ា។ កម្ពុជា ស្ថិត​ក្នុង​ពូល A ​ជាមួយ​ក្រុម​ថៃ, ម៉ាឡេស៊ី, ទីម័រខាងកើត, ឡាវ និង​សិង្ហបុរី ខណៈ​ពូល B មាន​ក្រុម​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា, វៀតណាម, ញ៉ូហ្សឡេន, ឥណ្ឌូណេស៊ី, ហ្វីលីពីន និង​ប្រ៊ុយណេ។

ចំណែក​ពានរង្វាន់​មួយ​ទៀត​គឺ​ U17 កម្ពុជា ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2018 AFC U-19 Championship ចាប់ពីថ្ងៃទី ០៤ ​រហូត​ដល់​ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧​ ដោយ​កម្ពុជា ផ្ទាល់​ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួតនេះ ដោយប្រកួតនៅកីឡដ្ឋានជាតិ ក្នុង​រាជធានី​ភ្នំពេញ ទាំងអស់​។ យោង​តាម​កាល​វិភាគ​ប្រកួត​បើក​ឆាក​ពូល G ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​កម្ពុជា ទទួល​ក្រុម​ចិន ហើយ​ក្រុម​មីយ៉ាន់ម៉ា ប៉ះ​ក្រុម​ហ្វីលីពីន។ ចំណែក​ប្រកួត​ថ្ងៃ​ទី២​​នៅ​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ក្រុម​កម្ពុជា ទទួលមីយ៉ាន់ម៉ា ម្ដង​ហើយ​ក្រុម​ហ្វីលីពីន ប៉ះ​ចិន វិញ​ម្ដង និង​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ក្រុម​​ចិន ប៉ះ​មីយ៉ាន់ម៉ា ហើយ​កម្ពុជា ទទួល​ហ្វីលីពីន វិញ។

គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ស្វែង​រក​ក្រុម​ចំនួន​១៦ក្រុម​ចុងក្រោយ (បូក​ទាំង​ម្ចាស់​ផ្ទះ) ឡើង​ទៅ​លេង​វគ្គ​ចែក​ពូល ប៉ុន្តែ​នៅ​ពេល​នេះ​នៅ​មិន​ទាន់​កំណត់​ក្រុម​ម្ចាស់​ផ្ទះ​នៅ​ឡើយ​នោះ​ទេ។ ពានរង្វាន់​រៀបចំ​រៀងរាល់​២ឆ្នាំ​ម្ដង ហើយ​កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ​ក្រុម​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​ជាង​គេ​៤ក្រុម​រួម​មាន​ជប៉ុន, អ៊ីរ៉ង់, អារ៉ាប៊ីសាអូឌីត និង​វៀតណាម មាន​ឈ្មោះ​ទៅ​ចូលរួម​ប្រកួត​ពានរង្វាន់​ពិភពលោក FIFA U-20 World Cup South Korea 2017 ដែល​រៀបចំ​នៅ​ប្រទេស​កូរ៉េខាងត្បូង៕

រូបថត៖ FFC