រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ស៊ាន បូរ៉ាត់ មានប្រសាសន៍ សំណូមពរដល់នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត ត្រូវអនុវត្តគម្រោងអភិវឌ្ឍមុខវិជ្ជាអប់រំកាយ ទៅក្នុងកម្មវិធីសិក្សាថ្នាក់បឋមសិក្សា និងមធ្យមសិក្សាបឋមភូមិឲ្យមានប្រសិទ្ធិភាពបំផុត ដើម្បីលើកស្ទួយវិស័យកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើន និងត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើក៣២ នៅឆ្នាំ២០២៣ខាងមុខ។

លោក​ ស៊ាន​ បូរ៉ាត់ បញ្ជាក់បន្ថែមថា “ខ្ញុំសូមសំណូមពរដល់នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិតជាចាំបាច់ ត្រូវរៀបចំកម្មវិធីមុខវិជ្ជាអប់រំកាយ និងកីឡាឱ្យបានច្បាស់លាស់គ្រប់កម្រិតសិក្សា ព្រោះកម្មវិធីអប់រំកាយ និងកីឡានេះជាកម្មវិធីមួយ ដែលជួយជំរុញដល់ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡានៅកម្ពុជា ។ ពិសេសត្រូវបង្កើនការបំពេញការងារជាមួយដៃគូសហការមានអង្គការ JICA និងអង្គការបេះដូងមាសប្រចាំនៅកម្ពុជា ដើម្បីសម្រេចឲ្យបាននូវសមិទ្ធិផល ក្នុងគោលដៅអភិវឌ្ឍមុខវិជ្ជាអប់រំកាយកាន់តែមានសុក្រឹតភាព និងស្របតាមការវិវត្តន៍របស់ពិភពលោក” ។

រដ្ឋលេខាធិការក្រសួងអប់រំ មានប្រសាសន៍បន្ថែមថា នៅក្នុងពិធីវិញ្ញាបត្រដល់គ្រូឧទ្ទេសថ្នាក់ជាតិ ដែលបានបញ្ចប់គម្រោងអភិវឌ្ឍមុខវិជ្ជាអប់រំកាយ នៅគ្រឹះស្ថានបឋមសិក្សា នាថ្ងៃទី២៥ ខែកក្កដានេះ ស្របពេលមុខវិជ្ជាអប់រំកាយ ត្រូវបានក្រសួងអប់រំ សម្រេចដាក់បញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់បឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ កាលពីពេលថ្មីៗកន្លងទៅ ។

សូមបញ្ជាក់ថា ដោយមានការបំពេញការងារយ៉ាងយកចិត្តទុកដាក់របស់អង្គការ JICA និងអង្គការបេះដូងមាស ដែលបានអនុវត្តគម្រោងនផ្ទាល់ បានបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកមុខវិជ្ជាអប់រំកាយ បានចំនួន ៨៨០នាក់ ដោយក្នុងនោះអង្គការ JICA បានសម្រេចផ្ដល់វិញ្ញាបត្រជាគ្រូឧទ្ទេស នៅបឋមសិក្សាថ្នាក់ភូមិភាគចំនួន ៣០នាក់ និងគ្រូឧទ្ទេសថ្នាក់ជាតិ ចំនួន ១២នាក់រួចហើយ និងមានសិក្ខាកាមទើបទទួលបានវិញ្ញាបនបត្រចុងក្រោយគេមាន ៦នាក់ ផងដែរ៕