ក្រុម U23 កម្ពុជា ប្រកួតចាញ់ក្រុម U23 ជប៉ុន ដោយលទ្ធិផល ២-០ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ AFC U23 Championship 2018 វគ្គជម្រុះ ក្នុងពូល J កាលពីថ្ងៃទី២១ ម្សិលមិញ ខណៈមានអ្នកទស្សនាប្រមាណ ១៥៨២៥នាក់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
បន្ទាប់ពីប្រកួតស្មើជាមួយក្រុមខ្លាំង U23 ចិន ០-០ កាលពីថ្ងៃទី១៩ ខែកក្តដា កន្លងទៅនេះ លោក Leonardo Luis គ្រូបង្វឹក U23 កម្ពុជា បានប្រាប់ឲ្យកូនក្រុមរបស់លោក ប្រមូលអារម្មណ៍ និងកម្លាំងឲ្យបានល្អ ត្រៀមប្រកួតជាមួយក្រុមខ្លាំងនៅតំបត់អាស៊ីមួយទៀត ក្រុម U23 ជប៉ុន ដើម្បីរកលទ្ធផលល្អប្រសើមួយ។
ប៉ុន្តែលទ្ធិផលបានផ្ទុយពីគិតរបស់លោក ពោលគឺកម្លាំងក្រុមកម្ពុជា អាចទប់ទល់បានត្រឹមតែ ៧០នាទីប៉ុណ្ណោះនៃកាប្រកួត នៅ២០នាទីចុងក្រោយក្រុមកម្ពុជាហាក់ដូចជាថមថយកម្លាំង ខណៈក្រុមជប៉ុនប្រើប្រាស់គ្រប់វិធិសាស្រ្តវាយសម្រុកយ៉ាងខ្លាំងតំាងតែពីដើមតង់ទី១ មកម្ល៉េះ។ បើទោះបីអ្នកចាំក្លិបក្រសួងការពារជាតិ អ៊ុំ សិរីរ័ត្ន ជួយសង្គ្រោះ ការតែត ស៊ុត ពីសំណាក់ក្រុមសាំម៉ូរៃបានជាច្រើនលើកក៏ដោយ ប៉ុន្តែនៅនាទី៧៨ កីឡាករ Keita Endo ជប៉ុន រកគ្រាប់បាល់នាំមុខ កម្ពុជា ១-០ ហើយ ៦នាទីក្រោយមក កីឡាករ Ren Komatsu ជប៉ុនបានស៊ុតពីចំងាយបន្ថែម ១គ្រាប់ទៀតក្រុមរបស់ខ្លួន បញ្ចប់ការប្រកួតក្រុមជប៉ុន ឈ្នះក្រុមកម្ពុជា ដោយលទ្ធិផល 2-0 ។
សូមបញ្ជាក់ថា ឆ្លងកាត់ពីរប្រកួត ក្រុមកម្ពុជា ស្មើ១ ចាញ់១ មាន ១ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៣ បណ្តោះអាសន្ន ក្នុងពូល J ដែលត្រូវប្រកួតជាមួយក្រុម Philippine ដែលពីរប្រកួតចាញ់ទាំងពីរ មាន ០ពិន្ទុឈរនៅចំណាត់ថ្នាក់លេខ៤ ជាជំនួបចុងក្រោយនៃពានរង្វាន់ AFC U23 Championship 2018 វគ្គជម្រុះ ក្នុងពូល នៅល្ងាចថ្ងៃអាទិត្រ ទី២៣ ខែកក្តដា ខាងមុខ ខណៈក្រុមចំណាត់ថ្នាក់១ U23 ជប៉ុន ត្រូវប្រកួតជាមួយក្រុមចំណាត់ថ្នាក់លេខ២ U23 ចិននៅថ្ងៃ ខែខាងលើដូចគ្នា៕