ព្រឹត្តិការណ៍រត់ប្រណាំងពេលរាត្រី លើក១ ចាប់ផ្តើមនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ ក្រោមគំនិតផ្តួចផ្តើមរបស់ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍ បង្កើតទិវារត់កម្សាន្តសប្បុរសធម៌ក្នុងគោលដៅបង្កើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ និងស្វែងរកថវិកាជួយដល់មន្ទីពេទ្យគន្ធបុប្ផា។

លោក សែម ផល្លា ប្រធានក្រុមហ៊ុន Cambodia Events Organizer និងនាយកចាត់ការទូទៅនៃការរៀបចំទិវាម៉ារ៉ាតុងនៅកម្ពុជាមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍កីឡារត់ប្រណាំងកម្សាន្តពេលរាត្រី ជាលើកទី១ ដែលធ្វើឡើង នៅខេត្តសៀបរាប ដែលនឹងរត់នៅវេលាម៉ោង ៩យប់ នាថ្ងៃទី៥ វិច្ឆិកា ខាងមុខនេះ។ លោកបន្ថែមថា តាមការគ្រោងទុក គណៈកម្មការបច្ចេកទេសនឹងធ្វើឲ្យបាន៣ដង ក្នុង១ឆ្នាំ ពោលគឺធ្វើនៅ នៅខែវិច្ឆិកា លើកទី១ នៅខែធ្នូ លើក២ និងធ្វើនៅខែមករា លើកទី៣ ក្នុង១ឆ្នាំៗ។ នៅបណ្តាប្រទេសជឿនលឿន ជុំវិញពិភពលោក ទិវារត់ប្រណាំងពេលរាត្រីនេះទទួលបានការគាំទ្រ និងទទួលបានជោគជ័យយ៉ាងខ្លាំង ជាពិសេសនៅតំបន់អាស៊ាន គឺប្រទេសសឹង្ហ បុរី ជាដើម ដែលទទួលបានការគាំទ្រពីទិវារត់ប្រណាំពេលរាត្រីនេះ ដូច្នេះហើយកម្ពុជាបានបង្កើតការរត់ប្រណាំងពេលរាត្រី នេះដែរ ដើម្បីទាក់ទាញបានភ្ញៀវទេសចរ និងស្វែងរកមូលនិធីបានមកពីការចុះឈ្មោះរបស់អត្តពលិកជាតិ និងអន្តរជាតិជួយដល់កិច្ចការសង្គម និងសប្បុរសធម៌។

លោក សែម ផល្លា រំពឹងថា ទិវានេះបានបើកការចុះឈ្មោះជាច្រើនខែហើយៗសូមឲ្យកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិមេត្តាចុះឈ្មោះចូលរួមឲ្យបានច្រើនកុះករ និងទាន់ពេលវេលា ដោយតម្លៃនៃការចុះឈ្មោះ ១២ដុល្លារ សម្រាប់ជនជាតិខ្មែរ និង២៥ដុល្លារ សម្រាប់ជនបរទេស ដោយទីតាំងប្រកួតគ្រោងធ្វើឡើង នៅតំបន់ Pub Street ក្នុងក្រុងសៀមរាប និងរត់ជុំវិញដងស្ទឹងសៀមរាប ដោយមានភ្លើងបំភ្លឺតាមដងផ្លូវនានាទាំងនោះ ដែលមានចម្ងាយ ៥គីឡូម៉ែត្រ។

តាមការរំពឹងទុកការរត់ប្រណាំងពេលរាត្រី លើកទី១នេះនឹងអាចទាក់ទាញបានអត្តពលិកប្រមាណ៥០០នាក់ ហើយនៅលើកទី២ និងលើកទី៣ ចំនួនអ្នកចូលរួមនឹងកាន់តែកើនឡើងបន្ថែមទៀត៕