អតីតខ្សែការពារកណ្ដាលរបស់ភ្នំពេញក្រោន កីឡាករឆុំ ភីសា កំពុងស្ថិតក្នុងដំណាក់កាលសម្រេចចិត្ត ក្រោយពេលមានក្លឹបមួយចំនួននៅក្នុងលីកកំពូលកម្ពុជា ទាក់ទងចុះកុងត្រាទៅលេងនៅរដូវកាល២០១៨នេះ។
ខ្សែការពារជម្រើសជាតិកម្ពុជារូបនេះ បានផុតកុងត្រាជាមួយភ្នំពេញក្រោន ហើយក្រោយចប់រដូវកាល២០១៧ ខណៈរូបគេបាននិយាយថា ក្លឹបមានបំណងចង់បន្តកុងត្រាបន្ថែមដែរ ប៉ុន្តែរូបគេចង់ចាកចេញរកបទពិសោធន៍ថ្មី។
“ មានក្លឹបមួយចំនួនក្នុងលីកកំពូលកម្ពុជា បានទាក់ទងខ្ញុំតែពេលនេះស្ថិតក្នុងដំណាក់កាលសម្រេចចិត្ត ថាត្រូវទៅមួយណា។ ខ្ញុំបានផុតកុងត្រាពីក្រោនហើយៗ ក្លឹបក៏បានពិភាក្សាឲ្យបន្តដែរ តែខ្ញុំចង់ចាកចេញស្វែងរកបទពិសោធន៍ថ្មី” ភីសាផ្ដល់បទសម្ភាសន៍មកវេបសាយអាណាចក្រកីឡាតាមទូរស័ព្ទ។
“ពេលនេះខ្ញុំកំពុងសម្រេចចិត្ត ជាមួយគ្រួសារ ថាតើត្រូវលេងនៅក្លឹបណា? មានក្លឹបជាច្រើនទាងក្លឹបទើបឡើង និងក្លឹបចាស់វស្សាក្នុងលីកតែខ្ញុំ នឹងទៅលេងនៅក្លឹបចាស់ៗ ដែលលេងក្នុងលីកយូរហើយ”។
សូមបញ្ជាក់ផងដែរថា៖ កីឡាករមានដើមកំណើតពីខេត្តបាត់ដំបងរូបនេះ ចូលលេងនៅក្លឹបជើងឯក៦សម័យកាលភ្នំពេញក្រោនកាលពីឆ្នាំ២០១២ក្នុងវ័យ១៧ឆ្នាំហើយនៅឆ្នាំ ២០១៧នេះ រូបគេបានជាប់ជម្រើសជាតិដំបូងក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជាលោក Leonardo Vitorino ៕