សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់អត្តពលិកពិការទាំងអស់ ដែលត្រៀមខ្លួនចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី នាខែក្រោយនេះ ដាច់ខាត់់កុំប្រើប្រាស់សាធាតុប៉ូវកម្លាំងគ្រប់ប្រភេទទាំងអស់ ដែលជាសារធាតុហាមឃាត់ក្នុងកីឡា ជាពិសេសគឺហាមប្រើប្រាស់គ្រឿងញៀនជាដាច់ខាត។ សម្រាប់ការអំពាវនាវបែបនេះធ្វើឡើង ក្នុងឱកាសជួបសំណេះសំណាល និងប្រគល់ប្រាក់រង្វាន់ជ័យលាភីជនពិការ កាលពីព្រឹកថ្ងៃសុក្រនេះ នៅវិមានសន្តិភាព។

សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមថា ក្រៅពីការហាមប្រាមមិនឲ្យប្រើប្រាស់សាធាតុប៉ូវកម្លាំងគ្រប់ប្រភេទ ជាពិសេសគឺមិនត្រូវប្រើប្រាស់គ្រឿងញៀនដាច់ខាតនោះ, សម្តេចបានលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីពិការទាំងអស់ត្រូវគោរពវិន័យការប្រកួត មិនត្រូវបំពានលើគ្រប់លក្ខខណ្ឌទាំងឡាយណា ក្នុងការប្រកួតឡើយ។

ក្រៅពីបានផ្តល់អនុសាសន៍ជូនដល់អត្តពលិកពិការ សម្រាប់ការត្រៀមខ្លួន ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ អាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី ក្រោយបញ្ចប់ស៊ីហ្គេមនោះ សម្តេចតេជោ ហ៊ុន សែនបានកោតសរសើរពីសមត្ថភាពកីឡាជនពិការកម្ពុជា បើប្រៀបធៀបជាមួយប្រទេសនានា កីឡាពិការកម្ពុជាខ្លាំង ដែលខិតខំឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកយុវជនជនពិការរដូវក្ដៅ នៅសាធារណៈរដ្ឋកូរ៉េ កាលពីពេលកន្លងទៅ។ សម្តេចបានលើកទឹកចិត្តដល់ជនពិការនានាកុំឲ្យអស់សង្ឃឹម ត្រួវមានការតស៊ូ ជាក់ស្តែងរូបសម្តេចកើជាជនពិការមួយរូបដែរ ប៉ុន្តែការខិតខំតស៊ូប្រឹងប្រែងជម្នះរាល់ឧបស័គ្គបានធ្វើឱ្យសម្តេចក្លាយជានាយករដ្ឋមន្ត្រី រហូតមកដល់ពេលនេះ គឺមានរយៈពេល៣៣ឆ្នាំមកហើយ ហើយសម្តេចស្នើកុំឲ្យមានការប្រមាថមើលងាយជនពិការ គួរបែរពីការប្រមាថ មកជួយជនពិការជំនួសវិញ។

អត្តពលិកពិការកម្ពុជា ដែលទៅចូលរួមប្រកួតក្នុងការប្រកួតជើងឯកប៉ារ៉ាឡាំពិកយុវជនជនពិការរដូវក្ដៅ នៅសាធារណៈរដ្ឋកូរ៉េ មាន៣នាក់ ក្នុងនោះ២នាក់ដណ្តើមបានមេដាយមាស ១គ្រឿង ដណ្តើមបានដោយ កីឡាករ យ៉ាវ វណ្ណៈ ដោយទទួលប្រាក់រង្វាន់តាមគោរការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ៨០លានរៀល អមដោយថវិកាឧបត្ថម្ភផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ចំនួន ១ម៉ឺនដុល្លារ និងទឹកប្រាក់ ៣ម៉ឺនដុល្លារផ្សេងទៀត សម្រាប់ជួយសងបំណុលគេរបស់ក្រុមគ្រួសារម្ចាស់មេដាយមាសរូបនេះ។ ចំណែកឯម្ចាស់មេដាយសំរិទ្ធ គឺកីឡាករ យ៉យ កុសល ទទួលបានប្រាក់រង្វាន់ចំនួន ២៤លានរៀល អមដោយថវិកាផ្ទាល់ខ្លួនរបស់សម្តេចចំនួន ២ពាន់ដុល្លារ ចំណែកឯអត្តកីឡាករម្នាក់ទៀត ដែលចូលរួមហើយមិនឈ្នះមេដាយក៏ទទួលបានការលើកទឹកចិត្តពីសម្តេចតេជោចំនួន ២ពាន់ដុល្លារ។

សូមបញ្ជាក់ថា សម្តេចតេជោបានបញ្ជាឲ្យក្រសួងអប់រំ យុវជន និងកីឡា រៀបចំក្បួនម៉ូតូ ស ចំនួន១០គ្រឿង ដង្ហែម្ចាស់មេដាយមាសកម្រិតអាស៊ីរបស់កីឡាករ យ៉ាវ វណ្ណៈ នៅល្ងាចថ្ងៃទី១៨ ខែសីហា នេះ ដោយចេញដំណើរពីទីស្នាក់ការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកឆ្ពោះទៅកាន់វត្តភ្នំ និងបន្តដំណើរទៅកាន់វិមានឯករាជ្យ និងរៀបចំពិធី ជប់លៀងជូនអត្តពលិក នាល្ងាចនេះដែរ មុនចេញទៅប្រកួត នៅម៉ាឡេស៊ី៕