កីឡាករជម្រើសជាតិកម្ពុជាផ្នែកកីឡាឈីនឡូនចំនួន៨រូបបានចេញដំណើរ កាលពីព្រឹកមិញ ទៅហ្វឹក ហាត់នៅប្រទេសមីយ៉ាន់ម៉ា រយៈពេល២ខែ ដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ ស៊ីហ្គេម លើក ទី២៩ នៅប្រទេសម៉ាឡេស៊ី ដែលគ្រោងនឹងធ្វើនៅខែសីហា ឆ្នាំ២០១៧នេះ។


ថ្លែងនៅក្នុងពេលជូនដំណើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, លោក ទូច សុភ័ក្រ្ត អគ្គលេខាធិការ សហព័ន្ធកីឡាសីប៉ាក់តាក្រកម្ពុជាបានឲ្យដឹងថា នេះជាលើកទី៣ហើយ ដែលក្រុមកីឡាករជម្រើសជាតិកម្ពុជា ចេញទៅហ្វឹកហាត់នៅមីយ៉ាន់ម៉ា មុនពេលស៊ីហ្គេម ចូលមកដល់ ហើយតែងតែបានឈ្នះមេដាយមាសជារៀង រាល់លើក។ លោកបន្ថែមថា ក្រៅពីកីឡាករ៨រូបនោះ ក៏មានគ្រូបង្វឹកចំនួន២នាក់ផ្សេងទៀតផងដែរ គឺលោក អ៊ឹង ណារិទ្ធ និងលោក ជាតិ ខេមរា ដែលគ្រូបង្វឹកទាំងពីរនេះទៅពិនិត្យមើល និងបង្វឹកដល់ពួកគេដោយផ្ទាល់នៅ ទីនោះ។ អគ្គលេខាសហព័ន្ធរូបនេះអះអាងថា សម្រាប់ថវិកាចំណាយលើការហ្វឹកហាត់ជាជំនួយឧបត្ថម្ភពី ក្រសួងអប់រំ យុវជន និងកីឡា។ ចំណែកឯការហូបចុកស្នាក់នៅជាការជួយរបស់មីយ៉ាន់ម៉ា។ ចំពោះគណៈកម្មា ធិការជាតិអូឡាំពិកកម្ពុជា និងថ្នាក់ដឹកនាំសហព័ន្ធកីឡាសីប៉ាក់តាក្រកម្ពុជា ក៏បានជួយជ្រោមជ្រែង និងលើកទឹក ចិត្តយ៉ាងខ្លាំងដែរ។


លោកគូសបញ្ជាក់ទៀតថា សម្រាប់ការប្រកួតស៊ីហ្គេម រាល់ដង ប្រទេសដែលជាឧបស័គ្គធំរបស់កម្ពុជា ក្នុងការដណ្តើមមេដាយមាស គឺប្រទេសថៃ និងមីយ៉ាន់ម៉ា ដែលប្រភេទកីឡា ឈីនឡូន មានប្រភពដើម ចេញ ពីប្រទេសមីយ៉ានម៉ាជាអ្នកបង្កើតនូវប្រភេទកីឡាប្រពៃណីមួយនេះ ដែលស្រដៀងគ្នាទៅនឹងប្រភេទកីឡាសីប៉ាក់ តាក្រ ដែរ ប៉ុន្តែ ឈីនឡូន ទាត់សីជាក្រុមជារង្វង់មូល ដែលមានគ្នា៨នាក់៕