ការប្រកួតក្នុងពានរង្វាន់ AFC Cup 2018 វគ្គជម្រុះ Play-off រវាងបឹងកេតនិងក្រុមជើងឯកឡាវ Lao Toyota ជិតមកដល់ហើយខណៈការប្រកួតនេះ ស្ថាននីយ៍ទូរទស្សន៍ MYTV ទទួលសិទ្ធផ្សាយផ្ទាល់ការប្រកួតដ៏សំខាន់នេះ។
ក្រុម Lao Toyota ទទួលបានសិទ្ធក្នុងការប្រកួតនេះដោយសារឈ្នះក្ដី លើបណ្ដឹងឧទ្ធរណ៍ដែលត្រូវបានចោទប្រកាន់ពីAFC ក្នុងករណីកំណត់លទ្ធផលទុកមុន។ តែយ៉ាងណាក្ដី! គោលបំណងរបស់បឹងកេត ដែលសង្ឃឹមបានលេងវគ្គជម្រុះក្នុងពូលតែម្ដងនោះ ត្រូវរលាយបង់ ហើយរងចាំការប្រកួតវគ្គ Play-off ជាមួយ Lao Toyota ទាំងពីរជើងនេះសិន។
បឹងកេតអេហ្វស៊ីនឹងទទួលក្រុមជើងឯកលីកកំពូលឡាវ Lao Toyota ក្នុងការប្រកួតនាពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី២៩ខែមករាឆ្នាំ២០១៨ជើងទីមួយ ខណៈជើងទី២នឹងត្រូវនៅប្រទេសឡាវវិញក្នុងថ្ងៃទី០២កុម្ភៈឆ្នាំ ២០១៨៕