បេសកជនកីឡាជិះស្គីលើបន្ទះក្តារបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Neftalie Williams បានមកធ្វើទស្សនកិច្ចផ្សព្វផ្សាយនៅកម្ពុជា រយៈពេលខ្លី ដោយកាលពីព្រឹកមិញ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន កីឡា តំណាងឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា ការមកទស្សនកិច្ចផ្សព្វផ្សាយអំពីប្រភេទកីឡាជិះស្គីលើក្តាបន្ទះ នៅកម្ពុជារបស់ Neftalie Williams ពេលនេះ មានរយៈពេល៤ថ្ងៃ ដើម្បីលើកកម្ពស់ពីការយល់ដឹងនៃកីឡាមួយនេះរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ដោយផ្សារភ្ជាប់យុវជនកម្ពុជា តាមរយៈការបង្ហាត់បង្ហាញការជិះស្គីលើក្តាបន្ទះ នៅតាមអង្គការមិនមែនរដ្ឋាភិបាល វិទ្យាល័យ និងសាកលវិទ្យាល័យនានា។ កម្មវិធីនេះថែមទាំងអបអរដល់ការដាក់បញ្ចូលកីឡាជិះស្គីលើបន្ទះក្តាជាប្រភេទកីឡាអូឡាំពិកជាផ្លូវការ ដោយចាប់ផ្តើមនៅក្នុងកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២០ នៅប្រទេសជប៉ុន និងអបអរការប្រកួតជ្រើសរើសជើងឯកជិះស្គីលើបន្ទះក្តានៅអាស៊ីអាគ្នេយ៍ នៅក្នុងពេលខាងមុខនេះផងដែរ។ ឯកឧត្តមអះអាងថា កីឡាជិះស្គីលើបន្ទះក្តា (Skateboard) នេះ គឺថ្មីសម្រាប់កម្ពុជា ប៉ុន្តែនៅពេលដែលយើងទទួលយកនូវកីឡាថ្មីនេះ គឺបង្ហាញពីភាពសម្បូរបែបរបស់កម្ពុជា ក្នុងការបង្កើននូវប្រភេទកីឡាថ្មីៗបន្ថែមទៀត ដែលមាននៅលើពិភពលោក។
នៅថ្ងៃទី៥ សីហា នឹងរៀបចំកម្មវិធីសម្តែងជូនសាធារណជន នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដើម្បីបង្ហាញ និងផ្តល់ឱកាសដល់យុវជនកម្ពុជាឲ្យចូលរួមស្វែងយល់ និងសាកល្បងជិះស្គីលើបន្ទះក្តានេះបាន ដោយសេរី។
លោក Neftalie Williams បញ្ជាក់ដែរថា នាពេលខាងមុខ លោកនឹងបញ្ជូននិស្សិតសហរដ្ឋអាមេរិក ដែលចេះ កីឡាប្រភេទនេះមកជួយបណ្តុះបណ្តាលដល់យុវជនកម្ពុជា ហើយលោករំពឹងថា កម្ពុជានឹងអាចចាប់ផ្តើមជាមួយ ប្រភេទកីឡាមួយនេះឲ្យមានដំណើរការល្អ និងអាចបណ្តុះបណ្តាលថ្នាលយុវជនឲ្យមានគុណភាពសម្រាប់ជាតិរបស់ខ្លួន នាថ្ងៃអនាគត៕