កីឡាកទាញព្រ័ត្រកម្ពុជា បានធ្លាក់ចេញពីវគ្គជម្រុះនៃការប្រកួត Asian Indoor Tug of War Championships 2017 ហើយ ដោយ ឆ្លងកាត់៦ប្រកួត ឈ្នះ ១, ចាញ់ ៤ ស្មើ១ កាលពីថ្ងៃទី១២ ខែសីហា ម្សិលមិញ នៅប្រទេសសឹង្ហបុរី។
អ្នកស្រី ប្រាក់ សម្ផស្ស អគ្គលេខាធិការសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានឲ្យដឹងថា កម្ពុជាស្ថិតនៅពូល A មាន ៦ប្រទេស ស្មើនិង ៧ក្រុមចូលរួម ក្នុងនោះមាន កម្ពុជា ចិន ព្រុយណា កោះតៃវ៉ាន់ ម៉ាឡេស៊ី និងម្ចាស់ផ្ទះសឹង្ហបុរី A, B ហើយសម្រាប់ជំនួប៦ប្រកួតរបស់កម្ពុជា ចាញ់ក្រុមចិន ដោយលទ្ធផល ២ ទល់នឹង ០, ឈ្នះក្រុមសឹង្ហបុរី B ២ទល់នឹង០, ចាញ់ក្រុមសឹង្ហបុរី A ២ទល់នឹង០,ចាញ់ក្រុមកោះតៃវ៉ាន់ ២ទល់នឹង០ , ចាញ់ក្រុមម៉ាឡេស៊ី ២ទល់នឹង០ និងប្រកួតស្មើជាមួយក្រុមព្រុយណេ។
អគ្គលេខាធិការសព័ន្ធរូបនេះបន្ថែមថា សម្រាប់ការចូលរួមលើកដំបូងនៅក្រៅប្រទេសរបស់កីឡាទាញព្រ័ត្រនេះ បើទោះជាកម្ពុជាធ្វើមិនបានល្អ ប៉ុន្តែទទួលបានបទសោធន៍ច្រើនពីព្រឹត្តិការណ៍ថ្នាក់អាស៊ីនេះ ដើម្បីបង្កើនការហ្វឹកហាត់ បំពេញបន្ថែមនៅចំណុចខ្វះខាត ត្រៀមខ្លួនចូលរួមការប្រកួតនានា និងការប្រកួតជើងឯកនេះនៅឆ្នាំក្រោយៗ ទៀតផងដែរ។ អ្នកស្រីបានបញ្ជាក់ថា តាមរយៈការប្រកួតនេះដែរ កម្រិតសមត្ថភាពកម្ពុជា ចាញ់តែកម្លាំងទេ ប៉ុន្តែកម្រិតបច្ចេកទេសកម្ពុជាមិនចាញឡើយ ព្រោះកម្ពុជាចាប់ឆ្នោត ប៉ះសុទ្ធតែក្រុមខ្លំាងពិភពលោក គីក្រុមកោះតៃវ៉ាន់ និងម្ចាស់ផ្ទះសឹង្ហបុរី ជាពិសេសក្រុមចិន ដែលជាជើងរងពិភពលោកផងដែរ។
សូមបញ្ជាក់ថា ប្រតិភូកីឡាទាញព្រ័ត្រកម្ពុជា ១៥រូប ចេញទៅចូលរួមព្រឹត្តិការណ៍ Asian Indoor Tug of War Championships 2017 កាលពីថ្ថៃទី១០ ខែសីហា កន្លងទៅ ដោយកីឡាករ ១០រូបចូលរួម ដែលការប្រកួតចែកជាពីរពូល A, B ស្មើនឹង ៧ប្រទេស ពោលម្ចាស់ផ្ទះសឹង្ហបុរី មាន៤ក្រុម ម៉ាឡេស៊ីមាន ៣ក្រុម ប្រទេសចិន មាន ៣ក្រុម និងព្រុយណេ មាន២ក្រុម ខណៈដែលប្រទេសណេប៉ាលអវត្តមាន ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីនេះផងដែរ៕