ក្រុម Khmer United FC ឈរនៅចំណាត់ថ្នាក់លេខ១ បន្ទាប់ពីយកឈ្នះក្រុម និស្ស័យ ដោយលទ្ធផល ៣ ទល់នឹង ១ ខណៈក្រុមលេខ២ Blue Dragon យកឈ្នះក្រុម Giant ដោយលទ្ធផល ៤ ទល់នឹង ២ បញ្ចប់វគ្គសន្សំពិន្ទុ ពានរង្វាន់ Khmer Real Estate League ប្រចាំឆ្នាំ២០១៧ កាលពីថ្ងៃទី០៩ ខែកក្តដា ម្សិលមិញ នៅទីលានដំរីស។

ឆ្លងការប្រកួតរយៈពេល ១៥ សប្តាហ៍មកនេះក្រុម Khmer United FC  នៅតែរក្សាចំណាត់ថ្នាក់លេខ១ ក្នុងតារាង ក្រោយបញ្ចប់វគ្គសន្សំពិន្ទុ ដោយ១៥ប្រកួតឈ្នះ១១ ស្មើ៣ និងចាញ់១ មាន៣៦ពិន្ទុ ចំណែកឯ ក្រុមនិស្ស័យឈរនៅចំណាត់ថ្នាក់លេខ៤ ដោយ១៥ប្រកួតឈ្នះ១១ ស្មើ១ និងចាញ់៤ មាន ៣២ពិន្ទុ ខណៈដែលក្រុមទាំងពីរត្រូវជួបគ្នា នៅក្នុងវគ្គពាកកណ្តាលផ្តាច់ព្រ័ត្រម្តងទៀតនៅចុងសប្តាហ៍នេះ ទីលានបាល់ទាត់សកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ចំណែកឯ គូប្រជែងដណ្ដើមកៅអី វគ្គផ្ដាច់ព្រ័ត្រមួយគូទៀត គឺក្រុមខ្លាំង Blue Dragon ជួបជាមួយក្រុមBayon FC ដោយក្រុមទាំងពីរបានយកឈ្នះគូប្រជែងរៀងៗ ខ្លួនក្នុងវគ្គសន្សំពិន្ទូដូចគ្នា ដោយក្រុម Blue Dragon បានយកឈ្នះក្រុម Giant ៤-២ និងក្រុមបាយ័ន លត់ក្រុម V.Train ៨-១ ។ ប៉ុន្តែក្រុម ​Blue Dragon ធ្លាប់យកឈ្នះក្រុម Bayon FC ម្តងរួចមកហើយក្នុងវគ្គសន្សំពិន្ទុដោយលទ្ធផល ៣-១ ។

នៅថ្ងៃទី១៦ ខែកក្តដា សប្តាហ៍ក្រោយនេះ ចាំមើលតើក្រុម Khmer United និង Blue Dragon អាចបន្ដយកឈ្នះគូប្រកួតរបស់ខ្លូនបន្ត បន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្របានឬយ៉ាងណា? ជាមួយគ្នានេះដែលក្រោយពីរកឃើញគូប្រកួតវគ្គ ៤ក្រុមចុងក្រោយនេះ  ក៏បានរកឃើញក្រុម បន្ទាប់ពីលេខ៥ ដល់លេខ៨ ត្រូវប្រជែងពានរង្វាន់ The Top 5 ផ្សេងទៀតផងដែរ គឺមានក្រុម Avatar ឈរលេខ៥ មាន ២៩ពិន្ទុ, ក្រុមយុវជនខេត្តកំពង់ចាម ឈរលេខ៦ មាន ២៦ពិន្ទុ, ក្រុមណារីតា ឈរលេខរៀងទី៧ មាន ២៥ពិន្ទុ និងក្រុម V.Train ឈរលេខរៀងទី៨ មាន ២២ពិន្ទុ ដែលក្រុមទាំង ៤ នេះ ត្រូវធ្វើការប្រកួតខ្វែងដូចគ្នា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ ៕