នណារមិនស្គាល់ ! នណារមិនល្បី! ម្ចាស់មេដាយមាសប្រភេទទម្ងន់៦៣.៥ គីឡូក្រាម ឃឹម ឌីម៉ា បានយកឈ្នះលើកីឡាកររបស់ថៃ Chonlawit Preedasak ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយពិន្ទុ ក្រោយបានបំបាក់កីឡាករRyan Jakiri របស់ហ្វីលីពីន ឱ្យដួលទៅនឹងសង្វៀនប្រកួតងើបតដៃលែងរួចកាលនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ (Sea Games 29th) នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ កាលពីពេលថ្មីៗ។
តាមពិត! ផ្តួលកីឡាករមកពីស្រុកថៃ ស្ទើជារឿងធម្មតាទៅហើយសម្រាប់ ឃឹម ឌីម៉ា ដែលគេស្គាល់ថាមានឈ្មោះនៅក្នុងកងរាជអាវុធហត្ថលើផ្ទៃប្រទេស (PM) ប៉ុន្តែកីឡាករ Chonlawit Preedasak មិនមែនជាកីឡាករថៃ ដើរប្រកួតស៊ីលុយតាមប៉ុស្តិ៍ទូរទស្សន៍នៅស្រុកខ្មែរនោះទេ តែគេជាអ្នកលេងក្បាច់ពិសេសដែល ឃឹម ឌីម៉ា ឈ្នះតែ១ពិន្ទុប៉ុណ្ណោះពោលគឺពិន្ទុសរុប ២៩ទល់២៨ លើសង្វៀន MiTEC ក្រុងកូឡាឡាំពួរ។
មួយដៃកណ្តាលមុខនៅចុងទឹកចុងក្រោយរបស់ ឃឹម ឌីម៉ា លើកីឡាករ Chonlawit Preedasak បានធ្វើឱ្យកេរ្តិ៍ដួនតាចារឈ្មោះជាលើកដំបូងក្នុងនាមជាម្ចាស់មេដាយមាស ប្រចាំស៊ីហ្គេម អាចថានេះជាកណ្តាប់ដៃដែលធ្វើឱ្យរូបគេមានប្រៀបទៅលើគូប្រកួត។ សូមទស្សនាវីដេអូប្រកួតខាងក្រោមឡើងវិញ៖
[youtube id=”35p2x0NFHts”]
លោក ឈិត សារឹម គ្រូបង្វឹកជម្រើសជាតិប្រដាល់គុនខ្មែរ ធ្លាប់បានលើកឡើងពីចំណុចខ្វះខាតមួយចំនួនរបស់ ឃឹម ឌីម៉ា ថាគេមានទំលាប់មួយគឺមិនព្រមវាយគូប្រកួតមុននោះទេ ដោយរង់ចាំឱ្យគេវាយសិនទើបតដៃវិញ។ មិនតែប៉ុណ្ណោះទំលាប់អាក្រក់មួយទៀតគឺ ឌីម៉ា ពេលវាយឬទាត់គូប្រកួតគេច្រើនតែជ្រុលមិនមានជំហរសម្រាប់ការពារខ្លួនបាន។ លោកថានៅថ្ងៃខាងមុខប្រសិនបើ ឌីម៉ា អាចកែប្រែចំណុចដែលកក្តាកេងចំណេញនេះបានគឺកាន់តែខ្លាំងជាងនេះ។
ក្រោយត្រឡប់មកដល់មាតុភូមិវិញម្ចាស់មេដាយមាសរូបនេះបានលើកឡើងថា៖«ខ្ញុំសូមអរគុណដល់ប្អូនប្រជាពរដ្ឋខ្មែរទាំងអស់ដែលបានគាំទ្ររូបខ្ញុំ ហើយដោយសារតែមានការគាំទ្ររបស់បងប្អូននេះហើយទើបធ្វើឲ្យខ្ញុំមានកម្លាំងចិត្តតស៊ូរហូតទទួលបានជ័យជម្នះ។ ចំពោះការឈ្នះមេដាយមាសមួយនេះគឺមិនមែនសម្រាប់តែខ្ញុំម្នាក់ឯងទេ តែវាជារបស់បងប្អូនប្រជាជនខ្មែរយើងទាំងអស់គ្នាផងដែរ»៕