គណៈកម្មការវិន័យ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC ក្នុងថ្ងៃទី២៥ ឧសភា បានសម្រេចពិន័យគ្រូបង្វឹកក្រសួងការពារជាតិ លោក ភា សុភក្ត្រា មិនឲ្យចូលរួមការប្រកួតពានរង្វាន់ Metfone Cambodian League ចំនួន៤ប្រកួត ពីបទមិនគោរពការសម្រេចចិត្តរបស់មន្ត្រីការប្រកួត និង ជេរប្រមាថ ទៅតាមមាត្រា៤៧ និង មាត្រា៤៩ នៃក្រមសីលធម៌ និង ក្រមវិន័យ។
ការដាក់ពិន័យនេះ ដោយសារតែគ្រូបង្វឹកម្រិត A ខាងលើមិនគោរពសេចក្ដីសម្រេចរបស់មន្ត្រីការប្រកួត និង ជេរប្រមាថ។ នេះបើតាមសេចក្ដីប្រកាសពី FFC។ លោក ភា សុភក្ត្រា មានពេល០៥ថ្ងៃដើម្បីប្ដឹងជំទាស់សេចក្ដីសម្រេចនេះចាប់ពីថ្ងៃផ្សាយដំណឹងពីថ្ងៃសុក្រ ទី២៥ ឧសភា។
គួររំឭកថា ករណីនេះបានកើតឡើងអំឡុងដើមវគ្គទី២ នៃការប្រកួតរបស់ ក្រសួងការពារជាតិ ទល់នឹង វិសាខា លើវាលស្មៅកីឡដ្ឋានវេស្ទើន នាថ្ងៃសៅរ៍ ទី១៩ ឧសភា ដែលកាលនោះមានលោក លឹម ប៊ុនធឿន ជាអាជ្ញាកណ្ដាលកាត់សេចក្ដី៕