ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ពាក់កណ្តាលអាជិព Khmer Real Estate ប្រចាំឆ្នាំ ២០១៧ ក្រុម Khmer United FC ប្រកួតជាមួយក្រុម Blue Dragon ទទួលបានម្មាក់ ១ពិន្ទុ ដោយលទ្ធផល ២ ទល់នឹង ២ ក្នុងសប្តាហ៍ទី១២ កាលពីចុងសប្តាហ៍កន្លងទៅ នៅទីលានបាល់ទាត់ ករុកោសល្យភូមិភាគដំរីស។

ការប្រកួតរវាងក្រុមខ្លាំងទាំងពីរ គឺជាជំនួបដ៏ជក់ចិត្តប្រចាំសប្តាហ៍ទី១២នេះ គ្រាល់កើតឡើងទាំង៤គ្រាប់របស់ក្រុមទាំងពីរ បានធ្វើអ្នកគាំទ្ររបស់ពួកគេ និងអ្នកទស្សនាដ៏ទៃទៀត ទទួលបាននូវ ភាពសប្បាយរីករាយ ក្នុងការប្រកួតនេះ ខណៈក្រុម Blue Dragon បើកការនាំមុខ២គ្រាប់មុន ពោលគឺនៅដើមតង់ទី១ ១គ្រាប់ និងដើមតង់ទី២ ១គ្រាប់ ខណៈដែលក្រុម Khmer United FC រកបាន ២គ្រាប់ តាមស្មើវិញ មុនបញ្ចប់ការប្រកួត ១៥នាទី ។

ចំពោះលទ្ធផលនេះធ្វើឲ្យក្រុមទាំងពីអាចរក្សាចំណាត់ថ្នាក់របស់ខ្លួននៅដដែរ ដោយក្រុម Khmer United FC ឋិតនៅចំណាត់លេខ១ នឹងក្រុម Blue Dragon ឋិតក្នុងចំណាត់ថ្នាក់លេខ២ ក្នុងតារាង មាន ២៩ពិន្ទុដូចគ្នា ពោលគឺក្រុម Khmer United FC មានគ្រាប់បាល់ស៊ុតចូល ៤៦ ច្រើនជាង ក្រុមBlue Dragon គ្រាប់ស៊ុតចូល ៣៤គ្រាប់ប៉ុណ្ណោះ។

ចំពោះលទ្ធផលក្រុមផ្សេងៗ ក្នុងពានរង្វាន់នេះដែរនោះ គឺក្រុមនិស្ស័យ ឈ្នះខេត្តកំពង់ចាម៥ទល់៣, ណារីតា ឈ្នះក្រុម HHK ៥ទល់២, ក្រុម Giant ឈ្នះក្រុម V.Train ១ទល់០, ក្រុម Avatar បំបាក់ក្រុម Havas ដោយលទ្ធផល ១១-១ ស្របពេលដែល ក្រុមកូនខ្មែរឈ្នះក្រុមខ្លាំង Anvayar ២-១ ហើយក្រុមខ្លាស ឈ្នះក្រុមបាសាក់ ៤ទល់២។ចំពោះក្រុមបាយ័ន និងក្រុម Goodhill ត្រូវបានលើកពេល ទៅប្រកួត នាពេលក្រោយ៕