កីឡាការិនីពិការ សៅ ធីតា រួមជាមួយគ្រូបង្វឹក និងគ្រូជំនួយទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋា ភិបាលកម្ពុជា សរុបចំនួន២១៦លានរៀល កាលពីម្សិលមិញ នៅទីស្តីការគណៈរដ្ឋមន្ត្រី បន្ទាប់ពីកីឡាការិនីរូប ពិការនេះដណ្តើមបានមេដាយប្រាក់ ពីការប្រកួតជើងឯកពិភពលោក រដូវរងារ នៅសាធារណរដ្ឋកូរ៉េ កាលពីថៃ្ង ទី៩ ដល់ថៃ្ងទី២១ ខែមករា ឆ្នាំ២០១៧កន្លងទៅ។
ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា មានប្រសាសន៍ថា ការ ប្រកួតជើងឯកពិភពលោករដូវរងារនៅសាធារណរដ្ឋកូរ៉េ ដែលកីឡាការិនីពិការ សៅ ធីតា ឈ្នះមេដាយប្រាក់ នេះ គឺជាលើកទី១ហើយ សម្រាប់កម្ពុជា ដែលបានបញ្ជូនអត្តពលិកកីឡាជនពិការទៅចូលរួមប្រកួត។ ឯកឧត្តម បញ្ជាក់ទៀតថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានបញ្ជូនអត្តពលិកពិការ២រូប រួមមានៈ កីឡាករ អ៊ូ គង់ និងកីឡាការិនី សៅ ធីតា ដែលប្រកួតលើវិញ្ញាសា ស្គីរទេះទឹកកក ចម្ងាយ៦១០ម៉ែត្រ រួមទាំងប្រតិភូ លោក យី សុភក្រា្ត ហើយជាលទ្ធផល ក្នុងចំណោមអត្តពលិកទាំង២រូប ដែលចូលរួមប្រកួតនោះកីឡាករពិការ អ៊ូ គង់ មិន ទទួលបានជ័យជំនះឡើយ ដោយជួបគ្រោះថ្នាក់នូវពេលកំពុងប្រកួត រីឯកីឡាការិនីពិការ សៅ ធីតា ឈ្នះបានមេដាយប្រាក់មួយគ្រឿង ក្នុងចំណោមអត្តពលិកជនពិការ មកពី៤០ប្រទេស។
ឯកឧត្តមបន្ថែមថា នេះគឺជាមោទនៈភាពមួយរបស់ជនពិការកម្ពុជា ហើយឯកឧត្តម បានសម្តែងការដឹង គុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់អត្តពលិកជនពិការ ដែលដណ្តើម មេដាយពីការប្រកួតលើឆាកអន្តរជាតិ។
ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីមានប្រ សាសន៍ថា កីឡាមិនមែនតែត្រឹមជួយដល់សុខភាព និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែ កីឡាថែមទាំងជាថាមពលការពារជាតិផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានលើកទឹកចិត្តដល់ កីឡាការិនី និងគ្រូបង្វឹកឲ្យខិតខំបន្តទៀត ដើម្បីដណ្តើមមេដាយពីការប្រកួតលក្ខណៈអន្តរជាតិមកជូនកម្ពុជា នាព្រឹត្តិការណ៍ក្រោយៗទៀត។ ឯកឧត្តមក៏ស្នើសុំឲ្យគណៈគម្មាធិការជាតិប៉ារ៉ាឡាំពិកខិតខំបន្ថែមទៀត ដើម្បី ចម្រាញ់ជ្រើសរើសអត្តពលិកវ័យក្មេងប្រកបដោយសមត្ថភាព និងទេព្យកោសល្យឲ្យបានច្រើន សម្រាប់ត្រៀម លក្ខណៈក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់នោះ។
សូមបញ្ជាក់ថា កីឡាករិនីពិការ សៅ ធីតា ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០លានរៀល, គ្រូបង្វឹក ៨០លានរៀល និងគ្រូជំនួយទទួលបាន៥៦លានរៀល សរុបរដ្ឋាភិបាលបានប្រគល់ជូនចំនួន២១៦លានរៀល ជាថិវិកាប្រាក់រង្វាន់លើកទឹកចិត្តចំពោះអត្តពលិក ដែលខិតខំដណ្តើមបានមេដាយ៕