Naga World បានរៀបចំពិធីអបអរជូនដំណើរ ដល់អត្តពលិកកម្ពុជា មុនចេញទៅចូលរួប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលព្រឹត្តិទៅនៅថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែសីហានេះ ដើម្បីលើកទឹកចិត្ត និងប្រកាសផ្តល់ប្រាក់រង្វាន់អត្តពលិកកម្ពុជា ក្នុងកម្មថ្នាក់តំបន់ អាស៊ាន ស៊ីហ្គេមនេះ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាជាតិអូឡាំពិក និងជានាយកបេសកកម្មស៊ីហ្គេម លើកនេះ មានប្រសាសន៍ថា ជាច្រើនឆ្នាំកន្លងមកនេះ ណាហ្គាវើលបានជួយជំរុញលើកទឹកចិត្តដល់អត្តពលិកកម្ពុជាឲ្យកាន់តែខិតខំបន្ថែមទៀត ក្នុងការប្រកួតដណ្តើមមេដាយមកជូនជាតិ សម្រាប់នៅឆ្នាំ២០១៧នេះ។  អគ្គលេខាធិការ Nocc រូបនេះមានក្តីរំពឹងថា កម្ពុជានឹងឈ្នះមេដាយមាសច្រើនជាង ស៊ីហ្គេម សឹង្ហបុរី កាលពីឆ្នាំ២០១៥ កន្លងទៅ ពោលនៅឆ្នាំនេះ ប្រភេទកីឡាសក្តានុពលរបស់កម្ពុជាត្រូវបានដាក់ឲ្យប្រកួត ក្នុងស៊ីហ្គេម នៅម៉ាឡេស៊ី លើកទី២៩ ឆ្នាំ២០១៧នេះ។

លោក Pern Chen នាយកប្រតិបត្តិក្រុមហ៊ុន ណាហ្គាវើល មានប្រសាសន៍ថា ក្នុងយុទ្ធនាការនៃដំណើរឆ្ពោះទៅរកមេដាយមាស ក្នុងស៊ីហ្គេម នៅម៉ាឡេស៊ី ឆ្នាំ២០១៧នេះ, ណាហ្គាវើលបានឧបត្ថម្ភជាឯកសណ្ឋានជូនដល់អត្តពលិក និងប្រតិភូគ្រប់ប្រភេទកីឡាទាំង២៤ ហើយណាហ្គាវើលត្រៀមខ្លួនរួចជាស្រេច ក្នុងការឧបត្ថម្ភសម្រាប់មេ ដាយមាស ឯកត្តកជន នូវទឹកប្រាក់ចំនួន ៣ពាន់ដុល្លារ និង៥ពាន់ដុល្លារ សម្រាប់មេដាយមាសជាក្រុម និងឧបត្ថម្ភ ប្រាក់ ៥០០ដុល្លារ ជូនដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពូជា សម្រាប់ការឈ្នះមេដាយនីមួយៗផងដែរ។ នាយកប្រតិបត្តិរូបនេះបន្ថែមថា ចាប់តាំងពីឆ្នាំ២០១១ ណាហ្គាវើលបានជួយឧបត្ថម្ភក្នុងព្រឹត្តិការណសំខាន់ៗនានា ហើយនៅឆ្នាំ២០១៧នេះ ជាការជួយបែបនេះនឹងធ្វើឲ្យអត្តពលិកកម្ពុជាកាន់តែមានកម្លាំងចិត្ត ក្នុងការដណ្តើមមេដាយ និងភាពភាពជោគជ័យមកជូនជាតិមាតុភូមិរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ថា ការរៀបចំពិធីអបអរជូនដំណើរនេះ មានចូលរួមពីសំណាក់លោក នុត សាអាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធាន NOCC បានប្រគល់ទង់ជាតិជាតំណាងជូនដល់នាយបេសកកម្ម ដើម្បីបំពេញកិច្ចការជាតិ លើផ្នែកកីឡា មួយនេះឲ្យទទួលបានជោគជ័យទៀតផង។ មួយវិញទៀតក៏មានការសម្តែងបង្ហាញបេក្ខភាពលើ២៤ប្រភេទកីឡាដែលត្រូវទៅចួលរួមកីឡាស៊ីហ្គេម នាពាកកណ្តាលខែនេះ នៅប្រទេសម៉ាឡេស៊ីផងដែរ៕