អត្តពលិកកីឡាប៉ារ៉ាឡាំពិកកម្ពុជាលើ១០ប្រភេទកីឡា ដែលត្រៀមចូលរួមព្រឹត្តិការណ៍កីឡា អាស៊ាន ប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី ក្រោយបញ្ចប់ស៊ីហ្គេមនោះ ត្រូវសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុញ្ញាតឲ្យចូលជួបសំណេះសំណាល និងលើកទឹកចិត្ត នាព្រឹកថ្ងៃទី១៨ ខែសីហា សប្តាហ៍នេះ នៅវិមានសន្តិភាព។
លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា មានប្រសាសន៍ថា ប្រតិភូកីឡាប៉ារ៉ាឡំាពិកកម្ពុជាទទួលបានការអនុញ្ញាតចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ ប៉ារ៉ាឡំាពិកកម្ពុជា មុនចេញទៅចូលរួមការប្រកួតកីឡាអាស៊ាន Para Games នៅទីក្រុងគូឡាឡាំពួរ នៅប្រទេសម៉ាឡេស៊ី នាខែក្រោយនេះ។
អគ្គលេខាធិការបន្ថែមថា ការទទួលការអនុអញ្ញាតចូលជួបព្រឹកស្អែកនេះ គឺសម្តេចនឹងផ្តល់អនុសាសន៍ និងការផ្តាំផ្ញើណែនាំនានាជូនដល់អត្តពលិកពិការកម្ពុជា គ្រូបង្វឹក និងប្រតិភូទាំងអស់។ ថ្ងៃស្អែកនេះដែរ ក៏មានពិធីអបអរសាទរ និងជូនប្រាក់រង្វាន់ដល់ជ័យលាភីអត្តពលិកពិការ ដែលឈ្នះមេដាយរបស់រាជរដ្ឋាភិបាល ដែលទើបតែឈ្នះពីការប្រកួតនៅសារណរដ្ឋកូរ៉េ កាលពីពេលកន្លងទៅថ្មីៗនេះ ផងដែរ។
លោកបន្ថែមបញ្ជាក់បន្ថែមទៀតថា ក្នុងនាមឯកឧត្តមជាអគ្គលេធិការប៉ារ៉ាឡំាពិកកម្ពុជាតំណាងឲ្យអត្តពលិក ពិការទាំងអស់មានសេចក្តីរីករាយជាខ្លាំង ដែលសម្តេចអនុអញ្ញាតឲ្យចូលជួប និងផ្តល់អនុសាសន៍ល្អៗ ជាពិសេសជាកិត្តិយសជាគម្រូមួយរបស់កម្ពុជា ទាំងថ្នាក់តំបន់ និងលើពិពភលោក ដែលមាននាយករដ្ឋមន្ត្រីធ្វើជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡំាពិកកម្ពុជា ដល់បងប្អូនជនពិការ ដែលទន់ខ្សោយ ប៉ុន្តែពួកអាចចូលរួមលេងកីឡា និងដណ្តើមមេដាយមកជួនប្រទេសជាតិទៀតផង។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី នាខែក្រោយនេះ មានចំនួន១០១នាក់ ក្នុងនោះមានប្រតិភូ គ្រូបង្វឹក គ្រូជំនួយ មានចំនួន២៦នាក់ និងអត្តពលិក ចំនួន ៧៥នាក់ លើ១០ប្រភេទកីឡាពិការ រួមមាន៖ វាយកូនឃ្លីលើតុ, បាល់ទះអង្គុយ លើកទម្ងន់ អត្តពលកម្ម ហែលទឹក បាញ់ធ្នូ បាល់បោះ ជនពិការភ្នែក បាល់ទះ៧នាក់ម្ខាង បូស្យា និងប៊ូល្លីង៕