គ្រូបង្វឹកប្រដាល់គុនខ្មែរ លោក អេ ភូថង បានប្រាប់ Anachakkeila កាលពីម្សិលមិញនេះថា សហព័ន្ធបានបញ្ជូនកីឡាករ ៥នាក់ លើ ៥ប្រភេទម្ងន់ ត្រៀមចូលរូមការប្រកួតស៊ីហ្គេម លើកទី២៩ នៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាន់តែខិតជិតមកដល់ ខណៈដែលនេះជាលើកទី១ ហើយដែលប្រដាល់គុនខ្មែរចូលរួមព្រឹត្តិការណ៍ថ្នាក់តំបន់ដ៏ធំមួយនេះ ។
អតីតកីឡាករប្រដាល់គុនខ្មែរ មានកេរ្តិ៍ឈ្មោះល្បីល្បាញរូបនេះ បានប្រាប់ទៀតថា សម្រាប់ ៥ប្រភេទទម្ងប់ដែលចេញទៅប្រកួតនេះ លោកមានការជឿជាក់លើប្រភេទទង្ងន់ធ្ងន់ អាចឈ្នះមេដាយមកជួនប្រទេសជាតិវិញ ព្រោះពួកគេសិទ្ធជាកីឡាករល្អៗ ដែលបទសោធន៍ជាច្រើនឆ្នាំ និងធ្លាប់ប្រកួតជាមួយកីឡាករបរទេសជាច្រើនលើក នៅតាមបណ្តាប៉ុស្តិ៍ទូរទស្សន៍នានា នៅក្នុងស្រុក ។ អតីតអ្នកប្រដាល់គុនខ្មែររូបនេះ បន្ថែមទៀតថា ការប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសរើសជាតិប្រដាល់គុនខ្មែរ ធ្វើតាំងពីខែកុម្ភៈ មកម្ល៉េះ ហើយឆ្លងកាត់ការហ្វឹកហាត់មួយរយៈមកនេះ ឃើញថាកីឡាករទាំងអស់មានការខិតខំ ព្យាយាមហ្វឹកហាត់យ៉ាងសកម្ម ក្រុមប្រភេទទម្ងន់ ជាសេសកីឡាករដែលត្រូវប្រកួតប្រភេទទម្ងន់ធ្ងន់ កីឡាករ ម៉ឺន សុភា បេក្ខភាពចូលការប្រកួតស៊ីហ្គេមលើកនេះ គេពិតជាធ្វើបានល្អណាស់ ដោយប៉ុន្មានប្រកួតនេះ ប្រកួតជាមួយកីឡាករបរទេស នៅតាមស្ថានីយទូរទស្សន៍នានា ក្នុងស្រុក វាយពួកគេឲ្យសន្លប់ច្រើន ដូច្នេះជាក្តីសង្ឃឹមដ៏ធំមួយ សម្រាប់ប្រដាល់គុនខ្មែរ ដណ្តើមមេដាយនៅស៊ីហ្គេមឆ្នាំនេះ។
លោកបញ្ជាក់បន្ថែមទៀតថា ប្រភេទកីឡាប្រដាល់គុនខ្មែរនេះ បានត្រៀមកីឡាករចំនួន៥រូប សម្រាប់ស៊ីហ្គេម នៅម៉ាឡេស៊ី លើកនេះ ដែលដឹកនាំដោយគ្រូធំ លោក ឈិត សារឹម និងគ្រូជំនួយ សរុបចំនួន៧នាក់។ កីឡាករទាំង៥រូបនេះ នឹងត្រូវប្រកួតលើ៥វិញ្ញាសាគឺ៥ប្រភេទម្ងន់ រួមមាន៖ កីឡាករ មឿន សុភា ប្រកួតលើទម្ងន់៧១ គីឡូក្រាម, កីឡាករ ពុធ ហ៊ុត ៦៧គីឡូក្រាម, សុខ ទូ ហៅ វ៉ាន់ វឿន ៥៤គីឡូក្រាម, កីឡាករ ឡៅ ចន្ត្រា ប្រភេទទម្ងន់៥៧គ.ក្រ និងកីឡាករ ឃុន ឌីម៉ា ដែលនឹងត្រូវលេងលើប្រភេទទម្ងន់ ៦៣គីឡូក្រាម។
សូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនេះមាន៣៨ប្រភេទកីឡា ដែលនឹងត្រូវដាក់ឲ្យ១១ប្រទេសក្នុងតំបន់អាស៊ានចូលរួមប្រកួតប្រជែងដណ្តើមមេ ដាយ ប៉ុន្តែកម្ពុជាបានសម្រេចបញ្ជូនអត្តពលិករបស់ខ្លួន ត្រឹមតែ២៤ប្រភេទកីឡា ដែលមានកីឡាករ កីឡាការិនីចំនួន ១៤២នាក់ ក្នុងនោះមានកីឡាការិនី ២៦នាក់, គ្រូបង្វឹក៤៨ នាក់, មន្ត្រី៣១នាក់ និងមន្រ្តីបច្ចេកទេសកម្រិតអន្តរជាតិ ជាអាជ្ញាកណ្តាលចំនួន ៧នាក់៕