ក្រុមក្រសួងការពារជាតិបើទ្វារកីឡដ្ឋានរបស់ខ្លួន ស្វាគមន៍ក្រុមភ្ញៀវ ​ព្រះខ័ន​រាជ​ស្វាយរៀង ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ ដណ្តើម​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន រដូវ​កាល​ឆ្នាំ​២០១៧ កាលពីយប់មិញ បានត្រឹមលទ្ធផលស្មើគ្នា ១ទល់១ ក្នុងជំនួបការប្រកួតវគ្គជម្រុះជុំទី៥ ​ជើងទី១ ៨​ក្រុម​ចុងក្រោយ​ នៅកីឡដ្ឋានស្តាតចាស់។

ជំនួបរវាងក្រុមខ្លាំងទាំងពីរលីគកំពូលកម្ពុជានេះដែរ នៅក្នុងការប្រកួតវគ្គទី១ ក្រុមម្ចាស់ផ្ទះ ក្រសួងការពារជាតិបានបើកការនាំមុខលើក្រុមភ្ញៀវ ១គ្រាប់មុន ដែលធ្វើសម្រេចដោយកីឡាករ រឿ​ម ចាន់​រឿន ហើយនៅវគ្គទី២ ក្រុមព្រះខ័នរាជស្វាយរៀង តាមបានស្មើវិញ ១ទល់១ ដោយរកបានដោយកីឡាករ សារ៉េត គ្រី​យ៉ា។ ក្រុមទាំងពីរនឹងត្រូវបន្តជួបគ្នានៅជើងទី២ នាពេលខាងមុខ នៅផ្ទះ ព្រះខ័នរាជស្វាយរៀង ដើម្បីកាត់សេចក្តីថា តើក្រុមណាអាចឡើងទៅវគ្គ១/២ ជាមួយ៣ក្រុមផ្សេងទៀត។

ចំពោះ២ប្រកួតផ្សេងទៀត ទីលានផ្សេងៗពីគ្នា សម្រាប់វគ្គ៨ក្រុមចុងក្រោយ នេះដែរ គឺក្រុម​គីរីវង់​សុខ​សែន​ជ័យ ​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​បឹង​កេត ដោយ​លទ្ធផល ២​ទល់​២ លើ​ទីលាន​គីរីវង់​សុខ​សែន​ជ័យ នៅ​ខេត្ត​តាកែវ​។ នៅវគ្គទី១ គីរីវង់សុខសែនជ័យ នាំមុខ២ទល់០មុន ហើយនៅវគ្គទី១ ទើបបឹងកេតតាមបាន២គ្រាប់ស្មើគ្នាវិញ។ ២គ្រាប់របស់គីរីវង់សុខសែនជ័យ រកបានដោយកីឡាករ ឯម ផាន់​ណា និង​កីឡាករ ណុប ចាន់​តារា​រស្មី ខណៈ២គ្រាប់របស់បឹងកេតរកបានកីឡាករ ស៊ុន សុវណ្ណ​រិទ្ធី និង សេប រ៉ូ​ហ្ស៊ី​ប​។

ដោយឡែក ​ក្រុម​អគ្គីសនី​កម្ពុជា ឈ្នះ​ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយ​លទ្ធផល​ ១​ទល់​០ ​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង​ ដោយមួយគ្រាប់ជ័យជម្នះនេះរកបានដោយកីឡាករ ធា​រី ចន្ថា​ប៊ី​ន។ ចំពោះ​មួយ​គូ​ទៀតនឹង​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ ទី​១ ខែវិច្ឆិកា ខាងមុខ​រវាង​ក្រុម​ភ្នំពេញ​ក្រោ​ន ជាមួយ​ណាហ្គា​វើ​ល លើ​ទីលាន​កីឡដ្ឋាន RSN Stadium​។ ក្រុមទាំង៨នេះនឹងត្រូវបន្តជួបគ្នាចំនួន២ជើងដូចៗគ្នា ដើម្បីកាត់សេចក្តីថាតើក្រុមណាជាក្រុមខ្លាំងពិតប្រាកដដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាពេលខាងមុខ។

សម្រាប់រូបមន្តប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា ​ប្រកួត​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៧​នេះ​ ត្រូវបានបែងចែកជា​៥​ដំណាក់កាល​ ដោយ​ប្រើ​ពេល​ជាង​១០​ខែ ចាប់ពី​ថ្ងៃទី១៨ ខែមករា ដល់​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ ខណៈ​ការប្រកួត​ដំណាក់កាល​ទី​១ និង​ទី​២ ជា​វគ្គ​ជម្រុះ​តាម​បណ្តារ​ខេត្ត ហើយ​វគ្គ​ទី​៣​ជា​ការ​ប្រកួត​រវាង​ក្រុម​ជើង​ខ្លាំង​តាម​ខេត្ត​ជួប​ក្រុម​លី​ក​លំដាប់​ទី​២ និង​ក្រុម​៤​ក្រុម​បាត​តារាង​នៃ​ពានរង្វាន់​លីក​កំពូល​កម្ពុជា ឆ្នាំ​ចាស់ ហើយ​វគ្គ​ទី​៤ ជា​ការ​ប្រកួត​រវាង​ក្រុម​ខ្លាំង​ជាងគេ​៦​នៅក្នុង​លីក​ជា​មួយ​ក្រុម​ខ្លាំង​មកពី​ជុំ​ទី​៣ និង​ចុងក្រោយ​ជុំ​ទី​៥ ជា​ការ​ប្រកួត​ចាប់ពី​វគ្គ​៨​ក្រុម​ចុងក្រោយ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​៕