លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក បានស្នើឲ្យសហព័ន្ធប្រដាល់គុនខ្មែរ ជាពិសេសគ្រូដឹកនាំការប្រកួត ត្រូវពិនិត្យមើលបទបញ្ជាផ្ទៃក្នុង ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅទី ប្រទេសម៉ាឡេស៊ី ឲ្យច្បាស់លាស់ជាងវៀងការផាកពិន័យដោយប្រការណាមួយ លោកឡើងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាថ្នាក់ដឹកនាំ កីឡាករ កីឡាការិនី សហ័ពន្ធប្រដាល់គុនខ្មែរ នាថ្ងៃទី២៧ ខែមិថុនានេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
អគ្គលេខាធិការ NOCC រូបនេះមានប្រសាសន៍ដឹងទៀតថា នេះជាលើកទី១ ហើយប្រភេទកីឡាគុនខ្មែរចូលរួមការប្រកួតស៊ីហ្គេម ដូច្នេះគ្រូដឹកនាំ និងកីឡាករត្រូវពិនិត្យមើលបទបញ្ជាផ្ទៃក្នុងដែលមានចែងនៅក្នុងសៀវភៅបច្ចេកទេសការប្រកួតឲ្យបានច្បាស់លាស់ ជាវៀងការផាក់ពិន័យ ប្រសិនយើងចាញ់ការផាក វាមិនល្អចំពោះកីឡាករឡើយ បើចាញ់ត្រូវដោយលក្ខណៈបច្ចេកទេស ប៉ុន្តែបើចាញ់ ដោយការផាក់ពិន័យ នោះគឺជាកំហុសរបស់យើងដែលមិនបានពិនិត្យមើលបទបញ្ជាផ្ទៃក្នុង លក្ខ័ណការប្រកួតឲ្យបានច្បាស់លាស់។ លោកក៏មានប្រសាសន៍ ស្នើឲ្យសហ័ពន្ធប្រដាល់គុនខ្មែរ សហការជាគ្រូបង្វឹកនាំទៅប្រកួត ត្រូវពន្យល់ដល់កីឡាករឲ្យច្បាស់ ពីលក្ខ័ណការប្រកួត និងច្បាប់ការប្រកួតនៅក្នុងស៊ីហ្គេមនេះ កុំឲ្យចាញ់នៅពេលប្រកួតដោយការផាកពិន័យ។
លោកបញ្ជាក់បន្ថែមទៀតថា សហព័ន្ធជាតិដែលត្រូវដឹកនាំការប្រកួតស៊ីហ្គេមនៅឆ្នាំនេះទាំងអស់ ត្រូវពិនិត្យលក្ខ័ណការប្រកួត ដូចជាសំភារៈ ឧបករណ៍ដែលពាក់ព័ន្ធក្នុងពេលប្រកួតឲ្យបានច្បាស់លាស់ ដូចជាការប្រកួតប្រដាល់គុនខ្មែររបស់យើង ក្នុងពេលវាយគឺមិនមានប្រើអាវការពារទេ ប៉ុន្តែចំពោះនៅក្នុងការប្រកួតស៊ីហ្គេម ក្នុងពេលវាយគឺគេប្រើអាវការពារ៕