គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គ្រោងនឹងចំណាយថវិការហូតដល់ ៦០ ម៉ឺនដុល្លារអាមេរិកសម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី២ ឆ្នាំ ២០១៨ នេះចាប់ពីថ្ងៃទី ២៥ ឧសភា ដល់ ទី ៥ មិថុនា ខាងមុខ។ ថវិកានេះលើសសឹងពីរដងកាលលើកទី១ នាឆ្នាំ ២០១៦ ដែលចំណាយត្រឹម ៤០ ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ។
ព្រឹត្តិការណ៍កីឡាជាតិនេះជាយានឆ្ពោះទៅរៀបកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង ដែលមាន ២៧ វិញ្ញាសាលើប្រភទកីឡាអូឡាំពិក និង មិនមែនអូឡាំពិកដោយមាន ២៨២ ព្រឹត្តិការណ៍ប្រកួត។
NOCC រ៉ាប់រងក្នុងការរៀបចំកម្មវិធីបើក និង បិទ ដោយសហការជាមួយក្រសួងអប់រំ យុវជន និង កីឡា រួមទាំងសហព័ន្ធជាដៃគូ និង ភ្នាក់ងារពាក់ព័ន្ធ។ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ពិធីបើកនៅថ្ងៃទី ២៥ ឧសភា ធ្វើឡើងនៅពហុកីឡដ្ឋានជាតិ ដែលរឹតតែប្លែកជាងមុនខ្លាំងដូចជាប្រើបច្ចេកវិទ្យាទំនើបបាញ់ភ្លើងពណ៌ និង ការបាញ់កាំជ្រួចជាដើម។ ការចំណាយច្រើននេះ ព្រោះមានការបង្ហាញពីបច្ចេកវិទ្យាទំនើប សម្ដែងផែនបែបវប្បធម៌ ផែនកីឡាករជាក្រុម ដូច តេក្វាន់ដូ ល្បុក្កតោ ការសម្ដែងរបស់ យុវជនស.ស.យ.ក និង កីឡាករមកពីសាលាកីឡាជាតិ។ ផែននៃអ្នកចូលរួមសម្ដែង ប្រហែលជាជា ៥ ពាន់នាក់។
អ្នកឧបត្ថម្ភធំក្នុងកម្មវិធី មានក្រុមហ៊ុនស្រាបៀរកម្ពុជា ហើយបន្ទាប់មកមាន ក្រុមហ៊ុនទូរស័ព្ទ Smart និង ក្រុមហ៊ុន ឆ្នោតកីឡាជាតិ។ NOCC កំពុងស្វែងរកដៃគូសហការយ៉ាងហោចពីរក្រុមហ៊ុនទៀត។
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ប្រទាន សុំភ្លើងអាទិទេព ពីព្រះបរមរាជវាំង បន្តរហូតដល់ពហុកីឡដ្ឋានជាតិ ជាទីដែល សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រើឧបករណ៍ដោយចុចប៊ូតុងពីចម្ងាយអុជភ្លើងដើម្បីចាប់ផ្ដើមការប្រកួតជាផ្លូវការ។
ឯកឧត្ដម វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការរៀបចំការប្រកួតស៊ីហ្គេម (CAMSOC) គូសបញ្ជាក់ថា «យើងនឹងរៀបចំពិធីឲ្យកាន់តែប្លែកមិនធ្លាប់ឃើញពីមុន។ យើងនៅមានបញ្ហាកង្វះថវិកា ហើយ CAMSOC នឹងស្នើសុំថវិកាបន្ថែមពីរាជរដ្ឋាភិបាល បន្ថែមលើការឧបត្ថម្ភពីដៃគូឯកជន។»
NOCC បានជួបពិភាក្សាជាមួយអ្នកបច្ចេកទេសមកពី ម៉ាឡេស៊ី (អ្នករៀបចំស៊ីហ្គេម ២០១៧) និង ភាគីចិនលើការងារបាញ់ភ្លើងឡាស៊ែ បច្ចេកទេសសំឡេង ភ្លើង និង ការបាញ់កាំជ្រួចនាពេលបញ្ចប់កម្មវិធីជាដើម។ នេះជាបច្ចេកទេសដំបូងដែលនឹងត្រូវរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា៕