ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ V&Y Soccer Club មានចំនួន ២០ក្រុម បានចូលរួមប្រកួតប្រជែងរកម្ចាស់ជើងឯក ប្រចាំឆ្នាំ២០១៧ បានប្រកាសបើកជាផ្លូវការ កាលពីម្សិលមិញ នៅទីលាន V&Y Soccer Club ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក ឃុល ភីរម្យ ប្រធានគណៈកម្មការវៀបចំការប្រកួតព្រឹត្តិការណ៍កីឡាបាល់ទាត់នេះបានឲ្យដឹងថា ការប្រកួតនឹងត្រូវប្រើប្រាស់រយៈពេល២ខែពេញ ដោយក្រុមចូលរួមចំនួន២០នោះ ត្រូវបានបែងចែកជា៥ពូល។ លោក​រំពឹង​ថា​ កីឡាករ​ទាំង​អស់​នឹង​ប្រឹងប្រែង​ប្រកួតឲ្យអស់ពីសមត្ថភាព ដោយឈរលើគោលការណ៍លេងដោយយុត្តិធម៌ ក្នុងគោលដៅជំរុញឲ្យព្រឹត្តិការណ៍លើកទី១នេះ ទទួ​លបានជោគជ័យ តាមការគ្រោងទុក។ អ្នកជំនាញខាងបាល់ទាត់រូបនេះបន្ថែមថា តាមរយៈការប្រកួតនេះនឹងជួយជំរុញឲ្យយុវជននានាបានបង្កើនសុខភាព មិត្តភាព និងសាមគ្គីភាព ហើយថែមទាំងបានរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់ នៅក្នុងប្រទេសកំពុងអភិវឌ្ឍមួយនេះកាន់តែ រីកចម្រើនបន្ថែមទៀតផងដែរ។

​លោក យិន វណ្ណៈ ​ម្ចាស់​ទីលាន​ V&Y Soccer Club បញ្ជាក់ដែរថា ទីលាន​នេះ ​លោក​ទើប​កសាង​ថ្មី​ដោយ​ចំណាយ​ដល់​ទុន​ជាង​១៥​ម៉ឺន​ដុល្លារសហរដ្ឋអាមេរិក តាម​ស្ដង់ដារ​អន្តរជាតិ។ ​ដូច្នេះ​ហើយ ​ការបង្កើតពាន​រង្វាន់នេះ គឺជាការផ្សព្វផ្សាយ ពីទីលានឲ្យមហាជនបានស្គាល់ផង និងដើម្បីផ្តល់ឱកាសដល់យុវជន បានលេងកីឡា ដើម្បីសុខភាពផង ដើម្បីឈានទៅរកម្ចាស់ជើងឯកពានរង្វាន់ ដែលមានប្រាក់រង្វាន់ចំនួន ​២ពាន់ដុល្លារ លេខ​២ ​បាន​១​ពាន់​ដុល្លារ​ និង​លេខ​៣​ ទទួល​បាន​៥០០​ដុល្លារ។ ​សម្រាប់​រង្វាន់​អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ ​កីឡាករ​លេង​ល្អ​ជាង​គេ ​អ្នក​ចាំ​ទី​លេង​ល្អ​ជាង​គេ ​ក៏​មិន​មាន​រង្វាន់​ជា​ប្រាក់​សុទ្ធ​ដែរ ប៉ុន្តែ​នឹង​ទទួល​បាន​ជា​ស្បែក​ជើង ​និង​ស្រោម​ដៃ។

ថ្លែងក្នុងឱកាសបើកសម្ពោធការប្រកួតនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន ​សារ៉ាណេ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ឯកឧត្តមគឺជាអ្នកស្រឡាញ់កីឡាម្នាក់ ហើយឯកឧត្តមមកទីនេះ ដើម្បីជួយលើកទឹកចិត្តជូនដល់​ប្អូន​ៗជា​កីឡាករ។ ឯក​ឧត្តម​បន្ថែមថា ​ប្អូន​ៗ​ដែល​ស្រឡាញ់​កីឡា សូមយក​ពេល​មក​លេង​កីឡា​ គឺ​ជា​រឿង​ល្អ​បំផុត ​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ខ្លួនឯងបាន​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ ដែលសង្គមស្អប់ខ្ពើម ហើយទទួលបានសុខភាពល្អ ដោយកត្តាសុខភាពនេះហើយ ជាភាពជោគជ័យសម្រាប់ជីវិតយើងគ្រប់ៗរូប។ មិនត្រឹមតែឯកឧត្តមលើកទឹកចិត្ត និងបំផុសស្មារតីដល់យុវជននានាឲ្យចូលរួមលេងកីឡាឲ្យបានគ្រប់ៗគ្នាប៉ុណ្ណោះទេ ប៉ុន្តែឯកឧត្តមក៏បានជួយឧបត្ថម្ភនូវទឹកប្រាក់មួយចំនួនផងដែរ៕