កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា នេះនៅវិមានពហុកីឡដ្ឋានជាតិ មានការធ្វើសន្និសិទសារព័ត៌មានមុនការប្រកួតរវាង ជម្រើសជាតិកម្ពុជា ជាមួយ ជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ ខណៈគ្រូបង្វឹកកម្ពុជា បានលើកឡើងថាការប្រកួតនេះគឺជាការប្រកួតផ្ដោតលើការរៀបចំជាមួយ អាហ្វហ្គានីស្ថាន។
ថ្លែងពីវិមានពហុកីឡដ្ឋានជាតិ លោក Leonardo Vitorino បានលើកឡើងថាយ៉ាងដូច្នេះថា៖ «សម្រាប់ក្រុមជម្រើសជាតិកម្ពុជា នៅពេលនេះគឺនឹងផ្ដោតលើការរៀបចំ ដើម្បីត្រៀមប្រកួតផ្លូវការជាមួយ ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន យើងកំពុងតែកសាងក្រុមថ្មីមួយ ហើយសម្រាប់ថ្ងៃស្អែកខ្ញុំគិតថាវាជាការប្រកួតដ៏ទាក់ទាញ នឹងធ្វើអោយអ្នកទស្សនារីករាយក្នុងការប្រកួត។»
គ្រូបង្វឹករូបនេះបានបន្តអោយដឹងទៀតថា ការប្រកួតផ្លូវការរបស់កម្ពុជាប៉ះក្រុម អាហ្វហ្គានីស្ថាន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។ ក្រុមរបស់លោកធ្វើការប្រកួតមិត្តភាពនេះ មិនផ្ដោតសំខាន់តែរឿងលទ្ធផលល្អទេ គឺចង់បានទម្រង់លេងល្អនិងខ្លាំងមួយ ដើម្បីត្រៀមប្រកួតសំខាន់បន្ទាប់។
គួរបញ្ជាក់ថាការប្រកួតរវាងកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី នឹងធ្វើឡើងនៅល្ងាចថ្ងៃទី ០៨ ស្អែកនេះ នាវេលាម៉ោង ១៨:៣០ នាទី នៅលើវាលស្មៅសិប្បន្មិមិតនៃពហុកីឡដ្ឋានជាតិ ដោយការប្រកួតមានការផ្សាយផ្ទាល់តាមរយះស្ថានីយទូរទស្សន៍ BTV News ផងដែរ៕