ប្រភពមកពីប្រទេសមីយ៉ាន់ម៉ា បានអះអាងថាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានណាត់ក្រុមជម្រើសជាតិរបស់ខ្លួន ប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិកម្ពុជា នៅក្នុងខែវិច្ឆិកា ខាងមុខ ខណៈក្រុមទាំង២កំពុងតែត្រៀមខ្លួនប្រកួតក្នុងពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី (AFC Asian Cup 2019 UAE) ជុំទី៣ដូចគ្នា។
បើមិនមានអ្វីប្រែប្រួលការប្រកួតមិត្តភាពអន្តរជាតិ រវាងកម្ពុជា និងមីយ៉ាន់ម៉ា នេះនឹងរៀបចំឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ស្របពេលម៉ោងប្រកួតនៅមិនទាន់កំណត់នៅឡើយនោះទេ។ មុនប្រកួតនេះមកដល់ក្រុមជម្រើសជាតិកម្ពុជា ត្រូវទទួលធ្វើម្ចាស់ផ្ទះក្នុងប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិឥណ្ឌូណេស៊ី នៅថ្ងៃទី៨ ខែមិថុនា ខាងមុខផងដែរ។
ចំពោះក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូល C នៃវគ្គជម្រុះពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី ជាមួយក្រុមហ្សកដានី, វៀតណាម និងអាហ្វហ្គានីស្ថាន។ ប្រកួតបើកឆាកពូលនេះកម្ពុជា បានចាញ់ហ្សកដានី រហូតដល់៧ទល់០ ខណៈក្រោយជួបឥណ្ឌូណេស៊ី កម្ពុជា ត្រូវប្រកួតក្នុងពានរង្វាន់នេះជាមួយអាហ្វហ្គានីស្ថាន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ហើយក្រោយជួបមីយ៉ាន់ម៉ា ក្រុមកម្ពុជា ត្រូវប្រកួតជាមួយក្រុមហ្សកដានី ម្ដងទៀតនៅថ្ងៃទី១៤ ខែវិច្ឆិកា ផងដែរ។
ចំណែកក្រុមមីយ៉ាន់ម៉ា វិញស្ថិតក្នុងពូលA ជាមួយឥណ្ឌា, គីហ្សីស្ថាន និងម៉ាកាវ។ មីយ៉ាន់ម៉ា បានចាញ់ឥណ្ឌា ទាំងត្រដាបត្រដួស ១ទល់០ កាលពីប្រកួតបើកឆាកប្រចាំពូល។ ក្រោយជួបកម្ពុជា ក្រុមមីយ៉ាន់ម៉ា ត្រូវបន្តជើងហោះហើររបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌា ម្ដងដើម្បីប្រកួតជើងទី២ក្នុងពានរង្វាន់នេះ។
បើងាកទៅមើលតារាងចំណាត់ថ្នាក់ក្នុងបញ្ជីរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ប្រចាំខែឧសភា នេះវិញ ក្រុមមីយ៉ាន់ម៉ា កំពុងឈរចំណាត់ថ្នាក់លេខ១៦៦ ហើយក្រុមកម្ពុជាវិញវិញកំពុងឈរលេខ ១៧៥ ក្នុងចំណោមប្រទេសដែលជាសមាជិកចំនួន២០៨។
កម្ពុជា នឹងមីយ៉ាន់ម៉ា ធ្លាប់មានប្រវត្តិប្រកួតជាមួយគ្នាចំនួន១២លើកមកហើយ ក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ ស្របពេលកម្ពុជា ធ្លាប់បានឈ្នះតែ១លើក ទេហើយក្រុមទាំង២ធ្លាប់ស្មើគ្នា១លើក ក្រៅពីនោះមីយ៉ាន់ម៉ា ឈ្នះទាំងអស់។ ជំនួបចុងក្រោយកាលពីចុងឆ្នាំ២០១៦ ក្រុមមីយ៉ាន់ម៉ា បានយកឈ្នះលើកម្ពុជា ៣ទល់១ ក្នុងវគ្គជម្រុះតាមពូលនៃពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ាន AFF Suzuki Cup 2016 នៅកីឡដ្ឋានThuwunna YTC Stadium ក្នុងទីក្រុងរង់ហ្គូន៕