ក្រុម​បឹង​កេត​អង្គរ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម​ហើយ​ ​ដើម្បី​ទៅ​សួរសុខទុក្ខ​ក្រុម​ម្ចាស់​ផ្ទះ​លីក​កំពូល​វៀតណាម Sanna Khanh Hoa BVN FC ក្នុង​ពាន​រង្វាន់​ Toyota Mekong Club Championship 2017 ​នៅ​កីឡដ្ឋាន​ Hang Day Stadium នៅ​ថ្ងៃ​សៅរ៍​នេះ។

សម្រាប់​បឹង​កេត​អង្គរ​ហាក់​ពិបាក​បន្តិច​ ពេល​ជួប​ក្រុម​ម្ចាស់​ផ្ទះ​វៀតណាម​ ដោយ​សារ​តែ​អាកាស​ធាតុ​ត្រជាក់​ពេក​នៅ​ទី​ក្រុង​ហាណូយ​ ខណៈ​ក្រុម​កំពូល​តារាង​លីក​កំពូល​កម្ពុជា​មួយ​នេះ​ មិន​បាន​រៀប​ចំ​ក្រុម​ជុំ​គ្នា​បាន​ល្អ​ដោយ​សារ​ទើប​តែ​ចប់​ការ​ប្រកួត​ក្នុង​លីក​កាល​ពី​សប្ដាហ៍​មុន​ប៉ុណ្ណោះ។

បែប​នេះ​ក្ដី​! ខ្សែ​ប្រយុទ្ធ​បឹង​កេត​អង្គរ​ Maycon Calijuri នៅ​តែ​មាន​សុទ្ធិ និយម​ អាច​នាំ​យក​លទ្ធផល​វិជ្ជមាន​ត្រឡប់​មក​កាន់​ទី​ក្រុង​ភ្នំពេញ​វិញ​នៅ​ជើង​ទី​២។ និយាយ​ក្នុង​សន្និសីទ​កាសែត​មុន​ការ​ប្រកួត​កីឡាករ​ប្រេស៊ីល​រូប​នេះ​បាន​និយាយ​ថា​៖

” យើង​មាន​កីឡាករ​ល្អ​​ យើង​ជា​ក្រុម​លេខ​មួយ​នៅ​លីក​កំពូល​កម្ពុជា​ ហើយ​ខ្ញុំ​គិត​ថា​យើង​អាច​ឈ្នះ”។

“ ជា​ការ​ពិត​ណាស់​! គ្រប់​ការ​ប្រកួត​គឺ​ខុស​ៗ​គ្នា​ ហើយ​យើង​គ្មាន​ពេល​វេលា​ច្រើន​ក្នុង​ការ​រៀប​ចំ​ក្រុម​សម្រាប់​ការ​ប្រកួត​នេះ​ពីព្រោះ​ការ​ប្រកួត​ក្នុង ​Cambodian League មិន​ទាន់​បញ្ចប់​​ ហើយ​យើង​លេង​ក្នុង​ការ​ប្រកួត​ជា​ច្រើន​ផង​ដែរ។ ប៉ុន្តែ​យើង​នឹង​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ ហើយ​សង្ឃឹម​ថា​អាច​យក​លទ្ធផល​វិជ្ជមាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន”៕