សហព័ន្ធជិះសេះកម្ពុជាបានបង្ហាញកីឡាករជិះសេះឈ្នះមេដាយសំរឹទ្ធ ចំនួន៦នាក់ លើវិញ្ញាសាក្រុម Endurance រត់ចម្ងាយ៨០គីឡូម៉ែត្រ ស៊ីហ្គេម នៅម៉ាឡេស៊ី និងសហព័ន្ធកីឡា មានគម្រោងបញ្ជូនកីឡាករចូលរួមព្រឹត្តិការណ៍ប្រកួតជាច្រើនទៀតនាពេលខាងមុខជាបន្តទៀត។ នេះបើតាមថ្លែងឲ្យដឹងពីលោក ស្រី ទេព ម៉ូណា ប្រធានសហព័ន្ធកីឡាជិះសេះកម្ពុជាបានឲ្យដឹងថា កាលពីចុងសប្តាហ៍កន្លងទៅ។
លោកស្រីបន្ថែមថា សហព័ន្ធមានគម្រោងបញ្ជូនអត្តពលិកជិះទៅចូលរួមប្រកួត នៅ អាស៊ីហ្គេម និង ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាឆ្នាំ២០១៩ ខាងមុខ ដោយមុនពេលនេះ ខ្លួនបានដាក់ផែនការពង្រឹងសមត្ថភាពកីឡាករជិះសេះកម្ពុជា តាមរយៈការបង្កើនការហ្វឹកហាត់ នៅក្នុងស្រុក និងក្រៅស្រុកជាដើម។ បច្ចុប្បន្ននេះ កីឡាករជិះសេះកម្ពុជាមានសមត្ថភាពអាចប្រជែងដណ្តើមបានមេដាយបានហើយ ប៉ុន្តែសហព័ន្ធមិនមានលទ្ធភាពទិញសេះល្អៗ និងនាំយកសេះទៅកន្លែងប្រកួត ដើម្បីឲ្យកីឡាករជិះប្រកួតដូចប្រទេសគេដ៏ទៃទៀតឡើយ ពោលគឺសហព័ន្ធមានលទ្ធភាពត្រឹមជួលសេះប្រទេសម្ចាស់ផ្ទះឲ្យកីឡាករជិះប្រកួតតែប៉ុណ្ណោះ។ ប៉ុន្តែទោះបែបនោះក្តីវាក៏ជាចំណុចល្អមួយដែរ ក្នុងការពង្រឹងសមត្ថភាពកីឡាករ ព្រោះកីឡាករកម្ពុជាយើងត្រូវហាត់សមជាមួយសេះប្រទេសម្ចាស់ផ្ទះ ដែលយើងពុំធ្លាប់ស្គាល់ពីមុនមក ដែលធ្វើឲ្យយើងកាន់តែមានសមត្ថភាពបច្ចេកទេសកើនឡើងបន្ថែមទៀត ក្នុងការបញ្ជាសេះពេលប្រកួត។
ប្រធានសហព័ន្ធរូបនេះអះអាងថា ទោះបីសហព័ន្ធកីឡាជិះសេះកម្ពុជាមានបញ្ហាប្រឈមខ្វះខាតសេះសម្រាប់ឲ្យកីឡាករកម្ពុជាជិះក្នុងពេលប្រកួត នៅក្នុងព្រឹត្តិការណ៍ប្រកួតធំៗបែបនោះក្តី ប៉ុន្តែទៅមុនទៀតសហព័ន្ធនឹងខិតខំប្រឹងប្រែងរកអ្នកឧបត្ថម្ភគាំទ្រ ដើម្បីទិញសេះល្អៗ សម្រាប់កីឡាករជិះ ក្នុងពេលប្រកួត ដោយពុំចាំបាច់ជួលសេះប្រទេសម្ចាស់ផ្ទះជិះប្រកួត។ លោកស្រីជឿជាក់ថា នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសហព័ន្ធអាចនឹងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទិញសេះឲ្យកីឡាករកម្ពុជាបានហ្វឹកហាត់ និងសមជាមួយសេះដោយខ្លួនឯង ដើម្បីប្រជែងដណ្តើមយកមេដាយមាសមកជូនជាតិរបស់ខ្លួន។
សូមរំឭកថា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម កាលពីខែសីហាកន្លងទៅនេះ កីឡាករជិះសេះកម្ពុជា៦នាក់ ដែលឈ្នះមេដាយសំរិទ្ធ១វិញ្ញាសានោះ រួមមានកីឡាការ លី សុវណ្ណចាន់តារា, លុន សុភត្រា, ផៃ វិសាល, ម៉ឹង សុជា, ស៊ីណារិទ្ធ, ហ៊ុយ សុផារិទ្ធ ដោយបានប្រកួតលើវិញ្ញាសាជាក្រុម៦នាក់ ជិះចម្ងាយ៨០គីឡូម៉ែត្រ ខណៈម៉ាឡេស៊ីមេដាយមាស ថៃមេដាយប្រាក់។ កីឡាករជិះសេះកម្ពុជាធ្លាប់ចូលនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម៣លើក ដោយលើកទី១ឆ្នាំ២០១៣ លើកទី២ឆ្នាំ២០១៥ និងលើកទី៣ឆ្នាំ២០១៧ ដណ្តើមបានមេដាយសំរិទ្ធ៕