អត្តពលិកតេក្វាន់ដូ ITF បានចេញដំណើរហើយ កាលពីយប់មិញ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីចូលរួមប្រកួតជើងឯកពិភពលោក លើកទី២០ នៅប្រទេសកូរ៉េខាងជើង ដោយគ្រោងនឹងដំណើរការជាផ្លូវការ នៅថ្ងៃសុក្រនេះ ហើយគ្រោងបញ្ចប់នាថ្ងៃទី២៣ កញ្ញា ខាងមុខ។
ថ្លែងមុនពេលចេញដំណើរ, ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលជាអ្នកដឹកនាំប្រតិភូរបស់ខ្លួនទៅចូលរួមលើកនេះមានប្រសាសន៍ថា កីឡាករកីឡាការិនីទៅប្រកួតលើកនេះមានចំនួន១៤នាក់ ក្នុងនោះមានកីឡាការិនី២នាក់ និងប្រតិភូ គ្រូបង្វឹក និងមន្ត្រីក្រសួងអប់រំ យុវជនកីឡា ចំនួន៦នាក់ផ្សេងទៀត សរុប២០នាក់។ ក្នុងចំណោះអត្តពលិកទាំងអស់ ឯកឧត្តមមានក្តីសង្ឃឹមខ្ពស់លើអត្តពលិកតេក្វាន់ដូមួយចំនួនអាចមានសមត្ថភាពដណ្តើមមេដាយមកជូនប្រទេសជាតិជាក់ជាមិនខាន ពីព្រោះថានេះជាគោលដៅថ្មី ដែលសហព័ន្ធកំពុងខិតខំពង្រឹងដើម្បីឈ្នះមេដាយ ដូចប្រភេទកីឡាផ្សេងៗធ្លាប់បានឈ្នះមេដាយមាសពីព្រឹត្តិការណ៍ជើងឯកពិភពលោកបានជាបន្តទៀតរួចហើយ។ ឯកឧត្តមបន្តថា សិស្សគុនតេក្វាន់ដូទាំងអស់បានខិតខំហ្វឹកហាត់ មុនការប្រកួតចូលមកដល់ ហើយថែមទាំងបានបង្ហាញឆន្ទៈខ្ពស់ថាចង់ឈ្នះមេដាយផងដែរ។
នេះជាលើកទី១ក្នុងជីវិតរបស់ឯកឧត្តម ក្នុងការចូលរួមលើកស្ទួយវិស័យកីឡាមួយនេះក្នុងទ្រង់ទ្រាយ និងបានបញ្ជូនអត្តពលិកតេក្ចាន់ដូITF ទៅប្រកួតជើងឯកពិភពលោក នាពេលនេះ បន្ទាប់ពីឯកឧត្តមធ្លាប់បានហ្វឹកហាត់តេក្វាន់ដូនេះអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនោះ។ សម្រាប់កីឡាតេក្វាន់ដូនេះ ឯកឧត្តមចូលរួមអស់ទាំងកម្លាំងកាយចិត្ត បង្ហាត់បង្ហាញនូវបច្ចេកទេសមួយចំនួន ជាគ្រូៗ ដែលកំពុងបង្ហាត់ពួកគេ និងស្មារតីជាពិសេសស្វែងថវិកាដើម្បីបង្កើតឱកាសឲ្យកីឡាករកម្ពុជាបានបង្ហាញសមត្ថភាពជូនពិភពលោក។
សម្រាប់ការប្រកួតជើងឯកពិភពលោក ២០១៧នេះមានប្រទេសចូលរួមជាង៧០ ដោយការប្រកួតត្រូវបានបែកចេញជា៥វិញ្ញាសាធំៗ ដូចជាវិញ្ញាសម្តែងមេគុណឯកត្តជន, វិញ្ញាសាប្រយុទ្ធឯកត្តជន, វិញ្ញាសម្តែង Power, វិញ្ញាសាសម្តែងពិសេស និងជាក្រុម ចំណែកវិញ្ញាសាក្រុមក៏ចែកចេញជា៥ ប៉ុន្តែកម្ពុជាប្រកួតតែលើ៤វិញ្ញាសាទេ គឺប្រយុទ្ធឯកត្តជន វិញ្ញាសម្តែង Power វិញ្ញាសម្តែងពិសេស។
សូមបញ្ជាក់ថា ប្រភេទកីឡាតេក្វាន់ដូ ITF នេះ មានបណ្តាប្រទេសមួយចំនួនមកពីប៉ែកអឺរ៉ុបកំពុងមានភាពលេចធ្លោខ្លាំង ជាពិសេសគឺប្រទេសអ៊ុយក្រែន និងប្រទេសកូរ៉េខាងជើង ដែលជាម្ចាស់ដើមនៃប្រភពក្បាច់គុនតេក្វាន់ដូ ITF នេះតែម្តង៕