ខេមរៈសហព័ន្ធតេក្វាន់ដូកម្ពុជា WTF សហការជាមួយក្រសួងអប់រំ​ យុវជន និងកីឡា បញ្ជួនកីឡាករ-កីឡការិនី ៥រូប ក្នុងនោះមានកីឡាករ ៣រូប និងកីឡារិនី ៣រូប ចូលរួមប្រកួតជើងឯកពិភពលោក (World Taekwondo Federation)​  ធ្វើនៅថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមិថុនា ខាងមុខ នៅទីក្រុង Muju ប្រទេសកូរ៉េខាងត្បូង។

លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូកម្ពុជា នៅក្នុងពិធីជួបសំណេះសំណាលជាមួយលោក Shin Chang Moo ប្រធានធនាគារភ្នំពេញពាណិជ្ជ និងលោក ជ្រិន សុធា អនុប្រធានខេមៈសហព័ន្ធតេក្វាន់ដូកម្ពុជា កាលពីថ្ងៃទី១៥ ម្សិលមិញ បានឲ្យដឹងថា  កាលប្រកួតជើងឯកពិភពលោកកន្លងទៅសហព័ន្ធបញ្ជួនកីឡករ-កីឡការិនីតែ ២នាក់ប៉ុណ្ណោះចូលរួមប្រកួត ប៉ុន្តែពេលនេះ សហព័ន្ធបានបញ្ជូនអត្តពលិក ៥រូប ចូលរួមព្រឹត្តិការណ៍​ការ​ប្រកួត​ Muju WTF World Taekwondo Championship 2017 ក្រោមការឧបត្ថមពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ថ្លៃសំបុត្រយន្តហោះ និងស្នាក់នៅ ហើយធនាគារភ្នំពេញពាពិជ្ជក៏បានឧបត្ថមថវិការសម្រាប់ធ្វើដំណើរទៅចូលរួមប្រកួតលើកនេះចំនួន ១ម៉ឺន៣ពាន់ដុល្លារផងដែរ។

គ្រូបង្វឹកតេក្វាន់ដូសញ្ជាតិតកូរ៉េខាងត្បូងរូបនេះបានឲ្យដឹងទៀតថា  ព្រឹត្តិការណ៍​ការប្រកួត Muju WTF World Taekwondo Championship 2017 នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូងនេះ មានអត្តពលិក ចំនួន​១៦៩៨​នាក់​ មក​ពី ១៨១ ប្រទេស​ចូលរួម​ និងប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៤-៣០ ខែ​ មិថុនា ឆ្នាំ​២០១៧​ខាង​មុខ​នេះ បន្ទាប់​មកត្រូវបន្ត​ចូលរួម​ប្រកួតព្រឹត្តិការណ៍មួយទៀតដែលមានឈ្មោះថា Korean Open ធ្វើនៅប្រកួតកូរ៉េខាងត្បូងនេះផងដែរ ។

ចំពោះអត្តពលិកតេក្វាន់ដូទាំង៥រូប ដែលត្រូវចូលរួមប្រកួត WTF World Taekwondo Championship 2017 មាន កីឡការិនី ស៊ន ស៊ីវម៉ី ប្រកួតក្រោមទម្ងន់​៧៣​គីឡូក្រាម, កីឡាការិនី អ៊ុនវ៉ិន សុចិរង្ស៊ី ក្រោមទម្ងន់​ ​៤៩គីឡូក្រាម កីឡាការិនី ថិប ខាសាន់ដ្រេនីកូល ​ក្រោមទម្ងន់ ​៥៧គីឡូក្រាម កីឡាករ ឈុន សុខឡុង ក្រោមទម្ងន់ ៦៣គីឡូក្រាម និងកីឡាករ វ៉ាន់ ឬទី្ធ ក្រោមទម្ងន់ ៦៤គីឡូក្រាម ៕