កាល​ពី​ព្រឹក​មិញ ​ក្លឹប​បាល់ទាត់​ព្រះខ័នរាជ​ស្វាយ​រៀង​បាន​ប្រកាស​ពី​ការ​ចែក​ផ្លូវ​គ្នា​ជា​មួយ​លោក​ សំ វ៉ាន់ដេត​ ដោយ​មូល​ហេតុ​គ្រូ​បង្វឹក​រូប​នេះ​ជាប់​ភារកិច្ច​សិក្សា​បន្ត​យក​សញ្ញាប័ត្រ​គ្រូ​បង្វឹក​កម្រិត​ A License។

បែប​នេះ​ក្ដី​ក្លឹប​ក៏​បាន​ប្រកាស​បេក្ខភាព​គ្រូ​បង្វឹក​ជំនួស​គឺ​លោក Conor Nestor ជា​គ្រូ​បង្គោល។ គ្រូ​បង្វឹក​សញ្ជាតិ​អៀរឡង់​ កាន់​សញ្ញាប័ត្រ​កម្រិត​ UEFA A License​ រូប​នេះ​ នឹង​ទទួល​ភារកិច្ច​ដឹកនាំ​ក្លឹប​បាល់ទាត់​ព្រះខ័នរាជ​ស្វាយរៀង​ នៅ​រដូវ​កាល​២០១៨​នេះ​។ លោក​ធ្លាប់​ដឹកនាំ យុវជន​ថ្នាល​នៅ អៀរឡង់ អង់គ្លេស និង​អូស្ត្រាលី

លោក សំ វ៉ាន់ដេត បាន​មក​ចូល​រួម​ដឹកនាំ​ក្លឹប​ម្ចាស់​ជើង​ឯក ​Hun Sen Cup 2017 មួយ​នេះ នៅ​ឆ្នាំ​២០១២ ​ដល់​ឆ្នាំ​២០១៧ ​ដោយ​ជួយ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទឹក​ដី​ខេត្ត​ស្វាយរៀង​ ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​បាន​១​ដង​ និង​ជើង​ឯក​ពាន​រង្វាន់ Hun Sen Cup ៣​ដង​ផង​ដែរ។

ក្រៅ​ពី​នេះ ក្លឹប​ក៏​បាន​ប្រកាស​ចុះ​កុង​ត្រា​ផ្លូវ​ការ​ជាមួយ​កីឡាករ Shane Booysen ពី​ភ្នំពេញ​ក្រោន​និង​ កីឡាករ ស៊ួន សុវណ្ណ ពី​ក្លឹប​វេស្ទើនភ្នំពេញ​ផង​ដែរ៕

រូបភាព៖ ព្រះខ័នរាជស្វាយរៀង​និង​ Masayori Ishikawa