ព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់ KMH ពាក់កណ្តាលអាជីពធំជាងគេ នៅកម្ពុជាx បានប្រកាសបើករដូវកាលថ្មី ប្រចាំឆ្នាំ ២០១៧-២០១៨ កាលពីព្រឹកមិញ ដោយការប្រកួតនឹងត្រូវដំណើរការក្នុងពេលឆាប់ៗខាងមុខនេះជាមួយនឹងប្រាក់រង្វាន់ត្រូវបានកើនឡើងច្រើនជាង រដូវកាលមុនៗ សរុបទឹកប្រាក់ជាង ១៥០លានរៀល។
លោក កាំង សេន ស្ថាបនិកមូលនិធិបាល់ទាត់ ខេ អឹម អេច និងជានាយកគណៈកម្មាធិការបាល់ទាត់ ខេ អឹម អេច បានមានប្រសាសន៍ថា សម្រាប់ព្រឹត្តិការណ៏បាល់ទាត់ដណ្តើមពានរង្វាន់ KMH Champions League និង KMH CUP រដូវកាលថ្មីនេះនឹងមានលក្ខណៈកាន់តែល្អប្រសើរ និងខ្លាំងជាងមុន ហើយបានផ្តោតសំខាន់លើការប្រគួតប្រជែងប្រកបដោយក្រមសីលធម៌កីឡាករបាល់ទាត់ខ្ពស់ និងលក្ខណៈបែបជាអាជីព Professional ផងដែរ។ មូលនិធិបាល់ទាត់ ខេ អឹម អេច នឹងផ្តល់ឱកាសមួយដ៏កម្រមានសម្រាប់ប្អូនៗកុមារជាកីឡាករបាល់ទាត់អាយុក្រោម ១៨ឆ្នាំមកពីគ្រប់ក្លឹបកីឡាបាល់ទាត់ទាំងអស់ទូទាំងប្រទេសកម្ពុជាអាចចូលរួមប្រកួត និងបញ្ចេញសមត្ថភាពរបស់ខ្លួនលើវាលស្មៅទីលានបាល់ទាត់លក្ខណៈស្តង់ដារ ក្នុងពានរង្វាន់កីឡាករបាល់ទាត់អាយុក្រោម ១៨ឆ្នាំ KMH CUP-U18 សម្រាប់រដូវកាលថ្មី ឆ្នាំ២០១៧-២០១៨ នេះ។
លោក កាំង សេន បន្ថែមទៀតថា KMH Champions League រដូវកាលរដូវកាលទី៣នេះ នឹងមិនត្រឹមតែសង្កត់ឲ្យខ្លាំងជាងមុនលើសមត្ថភាព និងបច្ចេកកទេសលេងរបស់កីឡាករបាល់ទាត់ពាក់កណ្តាលអាជីពរបស់ក្លឹបបាល់ទាត់នីមួយៗប៉ណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងក្រមសីលធម៌ជាកីឡាករបាល់ទាត់ឲ្យកាន់តែល្អប្រសើរថែមមួយកំរិតទៀតផងដែរ សម្រាប់កីឡាករទាំងអស់ដែលចូលរួមប្រកួតក្នុងពានរង្វាន់ KMH នេះផងដែរ។ អ្វីៗទាំងអស់នេះ គឺជាដំណើរការវិជ្ជមានមួយ ក្នុងការបោះជំហានទៅរកអនាគតបាល់ទាត់កម្ពុជា ក៏ដូចជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីជួយពង្រឹងកីឡាករបាល់ទាត់ឲ្យឈានឆ្ពោះទៅរកកម្រិតអាជីព នាពេលខាងមុខ។
គួរបញ្ជាក់ផងដែរ មូលនិធិបាល់ទាត់ ខេ អឹម អេច KMH Foundation ត្រូវបានបង្កើតក្នុងគោលបំណងចូលរួមលើកកំពស់ និងអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជា ក៏ដូចជាស្នូលវិជ្ជមានមួយចំណែក សម្រាប់សង្គមកម្ពុជា តាមរយៈការផ្តល់ឱកាសដល់យុវជនក្នុងការអភិវឌ្ឍទេពកោសល្យ និងបង្ហាញសមត្ថភាពរបស់ខ្លួន ព្រមទាំងប្រមូលថវិកាសប្បុរសធ៌ ដើម្បីជួយដល់សកម្មភាពការងារសង្គមនានា៕