កីឡាការិនីហែលទឹក ហែម ថុនវិទិនី សង្ឃឹមខ្ពស់លើវិញ្ញាហែលមេអំបៅ ១០០ម៉ែត្រ ប្រសិនបើខ្លួនបានប្រកួតលើវញ្ញាសានេះ នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ខណៈដែលកំណត់ត្រាថ្មី របស់ខ្លួនប្រគៀកប្រកិតនឹងកីឡាការិនីផ្សេងៗ នៅស៊ីហ្គេម។
កីឡាការិនីហែលទឹកឆ្នើមប្រចាំប្រទេសកម្ពុជា បានប្រាប់អ្នកសារព័តមាន ក្រោយបញ្ជប់ព្រឹត្តការណ៍ហែលទឹកពានរង្វាន់ ព្រឹទ្ធា ចារ្យ ហែម ថុន កាលពីលថ្មីកន្លងទៅថ្មីនេះថា វិញ្ញាសាមេអំបៅ មិនមែនជាជំនាញរបស់នាងឡើយ ប៉ុន្តែវិញ្ញាសាហែលសេរីទើបជាវិញ្ញាសាជំនាញ ដែលនាងធ្លាប់លេងនៅព្រឹត្តិការណ៍ធំៗ ដូចជាព្រឹត្តិការណ៍ស៊ីហ្គេម និងអូឡាំពិកកន្លងមក។
កីឡាការិនីជំនាញហែលសេរីរូបនេះ បន្តទៀតថា វិញ្ញាសាហែលមេអំបៅនេះ ពិតជាលំបាកសម្រាប់ខ្លួន ទាំងការហ្វឹកហាត់និងការប្រកួត ដោយប្រើដៃទាំងពីរ ជើងទាំងពីរ រលាស់ដូចជាត្រីដូហ្វិនដែរ ហើយត្រូវប្រើកម្លាំងលើសការហែលសេរីទៅទៀត។
វិទិនី បានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកន្លងមក នាងលេងតែវិញ្ញាសាសេរីប៉ុណ្ណោះ តែចំពោះវិញ្ញាសាហែលអំបៅនាងមិនដែលប្រកួតឡើយ ហើយនាងសង្ឃឹមថា ប្រសិនបើព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះនាងលេងលើវិញ្ញាសាហែលអំបៅនឹងអាចឈានចូលដល់វគ្គផ្តាច់ព្រ័ត្រជាក់ជាមិនខាន់ ប៉ុន្តែសម្រាប់ចំណាត់មិនអាចសនិ្នដ្ឋានបានឡើយ។ នាងអះអាងដូចនេះ បន្ទាប់នាងបំបែកកំណត់ត្រាហែលមេអំបៅ លើវិញ្ញសា ១០០ម៉ែត្រ ប្រើថេរវេលា ១នាទី ១៩វិនាតី ខណៈកំណត់ត្រាចាស់របស់នាងប្រើថេរវេលា ១នាទី ២៥វិនាទី ក្នុងការប្រកួតពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី២។ “បើប្រៀបធៀបទៅនឹងកីឡាការិនីបណ្តាប្រទេសផ្សេងៗ ទៀតនៅស៊ីហ្គេម ខ្ញុំជឿជាក់ថា នឹងអាចឈានដូចដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែសម្រាប់ចំណាត់ថ្នាក់នាងមិនសនិស្ថានបានឡើយ ព្រោះថាយើងក៏ប្រឹងប្រែងហ្វឹកហាត់ គេក៏ហ្វក់ហាត់ដូចគ្នា និងមិនដឹងថាកីឡាការិនីរូបណាចូលរួមទេ”។
សូមបញ្ជាក់ថា សហព័ន្ធខ្មែរ កីឡាហែលទឹកបានត្រៀមបញ្ជួន កីឡាករ ៥នាក់ ចូលរួមព្រឹត្តិការណ៍ ស៊ីហ្គេម នៅម៉ាឡេស៊ី នាខែសីហាខាងមុខនេះ មានកីឡាករ ចេង សុផា, ធឿន ចាន់ថុល, ចេង ពីរោធ, ហែម ថុនពន្លឺ, លឹម កែវឧត្តម និងកីឡាការិនី២នាក់ គឺ ហែម ថុនវិទិនី និងកីឡាការិនី សុខ វរលក្ខណ៍ រួមទាំងគ្រូបង្វឹក២នាក់។ សម្រាប់វិញ្ញាសាប្រកួតមានច្រើន ក្នុងនោះ មានវិញ្ញាសាហែលឯកត្តជន ៥០ម៉ែត្រ, ១០០ម៉ែត្រ និង២០០កង្កែប, សេរី ៥០ម៉ែត្រ និង១០០ម៉ែត្រ, មេអំបៅ ៥០ម៉ែត្រ និង១០០ម៉ែត្រ, ហែលផ្ងារ ៥០ម៉ែត្រ, ១០០ម៉ែត្រ និងវិញ្ញាសាហែលបណ្តាក់៤របៀប ៤ដងសេរី។