ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ និងត្រូវប្រកួតជាមួយក្រុមហ្វីលីពីត នាយប់នេះ វេលា ម៉ោង ៧ និង៤៥ នាទី ដោយទូរទស្សន៍ រស្មីហង្ស មាស HDTV នឹងផ្សាយបន្តផ្ទាល់ពីការប្រកួតនេះ ខណៈដែលលោក Leonardo គ្រូបង្វឹកជម្រើសជាតិកម្ពុជា រំពឹងថា និងទទួលបានលទ្ធផលល្អមួយ ជាមួយក្រុមជម្រើសជាតិ ហ្វីលីពីន ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ីនេះ។

គ្រូបង្គោលសញ្ជាតិប្រេស៊ីល, លោក Leonardo Luis Victorino បន្តការដឹកនាំហ្វឹកហាត់ដល់កូនក្រុមរបស់ខ្លួន នៅទឹកដីម៉ាឡេស៊ី បន្ទាប់ពីបានធ្វើដំណើរចេញពី កម្ពុជា កាលពីថ្ងៃសុក្រ ចុងសប្តាហ៍កន្លងទៅថ្មីៗនេះ។ ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ីនេះ គឺក្រុមកម្ពុជាស្ថិតនៅក្នុងពូលB ជាមួយ៥ក្រុមផ្សេងទៀត គឺក្រុមជើងឯករដូវកាលចាស់ ២០១៦ ប្រទេសថៃ, វៀតណាម, ហ្វីលីពីន, ទីម័រខាងកើត និងឥណ្ឌូណេស៊ី ខណៈពូលA មាន៥ក្រុម គឺម្ចាស់ផ្ទះម៉ាឡេស៊ី, សិង្ហបុរី, ប្រ៊ុយណេ, មីយ៉ាន់ម៉ា និងឡាវ ដោយក្នុងពូលA នេះលេងបាន២ប្រកួតហើយ កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ ដោយក្រុម មីយ៉ាន់ម៉ា បានយកឈ្នះសិង្ហបុរី ដោយលទ្ធផល ២ទល់០ ខណៈម្ចាស់ផ្ទះ ម៉ាឡេស៊ី ឈ្នះក្រុមភ្ញៀវ ប្រ៊ុយណេ ដោយលទ្ធផល ២ទល់១។

ដោយឡែកប្រវត្តិជួបគ្នា១លើកចុងក្រោយ ក្នុងស៊ីហ្គេម រវាងកម្ពុជា និងហ្វីលីពីន គឺកម្ពុជាធ្លាប់បានយកឈ្នះ ហ្វីលីពីន ដោយលទ្ធផល ៣ទល់១ កាលពីលើកទី២៨ ឆ្នាំ២០១៥ នៅសិង្ហបុរី។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡា ស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី នេះ គឺទូរទស្សន៍ រស្មីហង្សមាស HDTV ទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការផ្សាយបន្តផ្ទាល់ពីការប្រកួតនានា ពីប្រទេសម៉ាឡេស៊ី ជូនដល់ប្រិយមិត្តកម្ពុជាទូទាំងប្រទេសបានទស្សនាផងដែរ ដោយស៊ីហ្គេម លើកនេះ មាន៣៦ប្រភេទកីឡា រីឯកម្ពូជាបានបញ្ជូនអត្តពលិក ២៤៤ នាក់ សម្រាប់ការចូលរួមប្រកួត លើ២៤ប្រភេទកីឡា៕