ក្រុម Black Hawks Newbie ដែលជាម្ចាស់ជើងឯករដូវកាលចាស់ឆ្នាំ២០១៦ បានឡើងមកគ្រងម្ចាស់ជើងឯកជាថ្មីម្តងទៀតសម្រាប់រដូវកាល ២០១៧នេះ បន្ទាប់ពីបានយកឈ្នះលើក្រុម The Crown ក្នុងការប្រកួតផ្តាច់ព្រ័ត្រ កាលពីល្ងាចម្សិលមិញ ក្នុងលទ្ធផល ៣ទល់១ នៅទីលាន Central Park ។
មុនពេលក្លាយជាជើងឯកនេះ ក្រុម Black Hawks Newbie បានឈ្នះគ្រប់ការប្រកួត មុនពេលឈ្នះក្រុម ZOG ទាំង ២ ជើង ៥-៤ និង ៣-០ នៅវគ្គ ១/២ ផ្តាច់ព្រ័ត្រនោះ បានបង្ហាញការលេងយ៉ាងល្អ ដើម្បីយកឈ្នះក្រុម The Crown ៣-១ ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ ខណៈក្រុម ZON បានលត់ក្រុម PCG Brothers ៥-០ ដើម្បីទទួលបានលេខ ៣។
លោក Casey Barnet នាយកគ្រប់គ្រង វិទ្យាស្ថានខេមអេដ បានសម្តែងការរីករាយ យ៉ាងខ្លាំងនឹងលទ្ធផលនៅឆ្នាំនេះ ដោយកម្រិតលេងរបស់ ក្រុមនីមួយៗ មានការរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់។ លោក មើលឃើញថា ក្រុមនីមួយៗបានបង្កើននូវបច្ចេកទេសលេងបានល្អ ឯយុទ្ធសាស្ត្រលេងក៏ប្រសើរឡើងបន្ថែមទៀត ដែលនេះបង្ហាញថានេះជាការធ្វើការងារជាក្រុម និងការគ្រប់គ្រងក្រុមរបស់ក្រុមនីមួយៗ ក៏ល្អប្រសើរជាងឆ្នាំមុនៗ ផងដែរ។
លោក Casey បានបន្ថែមថា៖ «ក្នុងនាមខ្ញុំជានាយកគ្រប់គ្រងវិទ្យាស្ថានខេមអេដ ខ្ញុំសប្បាយចិត្តណាស់ ពេលឃើញនិស្សិតរបស់ខ្ញុំ មានកិច្ចសហប្រតិបត្តិការបានល្អ និងខិតខំប្រឹងប្រែងប្រកួតប្រជែងក្នុងការប្រកួតនេះ ហេតុនេះខ្ញុំសង្ឃឹមថា ពួកគេនឹងយកបទពិសោធទាំងនេះ ទៅអនុវត្ត ក្នុងការធ្វើការងារផងដែរ ដើម្បីទទួលបានជោគជ័យពេញមួយជីវិត។