ក្រុម​អត្តពលិក​ពិការ​កម្ពុជាបាន​វិល​ត្រឡប់​ពីការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម លើក​ទី៩ ឆ្នាំ២០១៧ នៅ​ម៉ាឡេស៊ី វិញហើយ កាល​ពី​ថ្ងៃ​អាទិត្យ ម្សិលមិញ បន្ទាប់ពីបានបញ្ចប់​បេសកកម្ម​របស់ខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់មួយនេះជាមួយនឹងការដណ្តើមបានមេដាយបាន​មេដាយ​ប្រាក់៨ សំរិទ្ធ៥។

ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ទទួលបន្ទុកនាយបេសកកម្ម​ បានឲ្យដឹងថា ក្រុមប្រតិភូ និងអត្តពលិកនៃគណៈកម្មាធិការ​ជាតិ​ប៉ារ៉ា​អូឡាំពិក​កម្ពុជា​ ទទួលបានជំនួយ​ឧបត្ថម្ភ​ទាំង​ស្រុង​ពី​សម្តេច​តេជោ ហ៊ុន សែន គឺបាន​បញ្ជូន​អត្តពលិក និង​ប្រតិភូ​កីឡា​សរុប ១០១ នាក់​ទៅ​ចូលរួម​ប្រកួត។ ជា​លទ្ធផល​យើង​ដណ្តើម​បាន​មេដាយ​ប្រាក់៨ និង​សំរឹទ្ធ៥ ហើយ​ឯកឧត្តមមានការ​សោកស្តាយ ដែល​កីឡាករ កីឡាការិនីពិការកម្ពុជាមិន​ដណ្តើម​បាន​មេដាយ​មាសនោះ។ គោល​ដៅ​របស់​យើង​លើក​នេះ គឺបានដាក់ចេញផែនការ​ដណ្តើម​យក​មេដាយ​មាសឲ្យបាន ២ ប្រាក់ ៥ និង​សំរឹទ្ធ៥ ប៉ុន្តែ​ជា​លទ្ធផល​យើង​កើន​មេដាយ​ប្រាក់​រហូត​ដល់ ៨ និង​សំរឹទ្ធ ៥ តាម​ផែនការ រីឯ​ការ​មិន​ដណ្តើម​បាន​មេដាយ​មាស គឺ​ដោយសារ កីឡាករ បុង ហុង ដែល​ធ្លាប់​ឈ្នះ​មេដាយ​មាស ក្នុង Class T46 ឲ្យ​កម្ពុជា កាល​ពី​ឆ្នាំ ២០១៥នោះ ត្រូវ​បាន​គណៈកម្មការ​វាយ​តម្លៃ​ឲ្យ​មក​ប្រកួត​ក្នុង Class T47 តាម​គោលការណ៍​ថ្មី​របស់ IPC វិញ​ ដែល T47 នេះ​មាន​កម្រិត​ខ្លាំង​ជាង T46 ហើយ បុង ហុង ក៏​មិន​ធ្លាប់​ហាត់​ផ្នែក T47 នេះ​ដែរ ទើប​គាត់​មិន​អាច​ដណ្តើម​បាន​មេដាយ​មាស។

សូមបញ្ជាក់ថា ក្នុងចំណោមអត្តពលិកពិការកម្ពុជាចំនួន ១០១នាក់ ដែលចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧នេះ គឺបានបញ្ជូន១០ប្រភេទកីឡា ហើយ៨ប្រភេទកីឡាបានឈ្នះមេដាយប្រាក់ និងសំរិទ្ធ៕