ពានរង្វាន់​បាល់ទាត់​ជម្រើស​ជើង​ឯកជាតិ (Metfone Cambodian League 2017) ត្រូវ​សម្រាក​ជាង​កន្លះ​ខែ ដើម្បី​​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​​ជនជាតិ​ខ្មែរ​ដែល​ល្អៗ បាន​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រៀម​ប្រកួត​ក្នុង​លើ​ឆាក​​អន្តរជាតិ​សំខាន់​ទាំង​មិត្តភាព​អន្តរជាតិ និង​វគ្គ​ជម្រុះ​​ជុំទី៣ នៃ​​ពានរង្វាន់​ជើង​ឯកទ្វីប​អាស៊ី AFC Asian Cup UAE 2019។

យោង​តាម​កម្មវិធី​ប្រកួត​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា បាន​កំណត់​ថ្ងៃ​ថា​ក្រោយ​បញ្ចប់​សប្ដាហ៍​ទី១២ ត្រឹម​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៧ ក្រុម​ទាំង​១២សមាជិក​នៃ​ពានរង្វាន់នេះ​ត្រូវ​សម្រាក​រហូត​ដល់​ថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ​២០១៧ ទើប​ចាប់​ផ្ដើម​វិញ​ក្នុង​សប្ដាហ៍​ទី១៣។ អំឡុង​ពេល​សម្រាក​នេះ​មាន​កីឡាករ​សំខាន់ៗ​ចំនួន​​២៥នាក់​ត្រូវ​កោះហៅ​​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ឥណ្ឌូណេស៊ី នៅ​វេលា​ម៉ោង​៦:៣០នាទី​ល្ងាច​ថ្ងៃព្រហស្បត្តិ៍ ទី៨ ខែ​មិថុនា ឆ្នាំ​២០១៧ លើ​ទីលាន​ពហុកីឡដ្ឋានជាតិ ខណៈ​ក្រុម​មួយ​នេះ​បន្ត​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ទ្វីប​អាស៊ី ជាមួយ​ក្រុម​អាហ្វហ្គានីស្ថាន នៅ​ថ្ងៃ​ទី១៣ ខែមិថុនា ឆ្នាំ​២០១៧។

ចំពោះ​​​ចំណាត់​ថ្នាក់​បណ្តោះអាសន្ន​​ក្រោយ​ប្រកួត​បាន១២​សប្ដាហ៍​​របស់​លីគ​កំពូល​កម្ពុជា មាន​គឺ​ក្រុម​ព្រះខ័នរាជស្វាយរៀង បន្ត​ឈរ​លេខ១​​មាន​២៥ពិន្ទុ តាម​ពី​ក្រោយ​ដោយ​​ក្រុម​ក្រសួងការពារជាតិ​ មាន​២៤ពិន្ទុ ហើយ​ក្រុម​ណាហ្គាវើល ឡើង​មក​ឈរ​​លេខ​៣​​​ មាន​២២ពិន្ទុ​ ខណៈ​ក្រុម​ភ្នំពេញក្រោន ​ឈរ​លេខ៤ មាន​២១ពិន្ទុ​។ ក្រុមបឹងកេត ធ្លាក់​ទៅ​​លេខ៥ មាន​២០ពិន្ទុ ហើយ​ក្រុម​ខេមបូឌានថាយហ្គឺរ ឈរ​លេខ៦​មាន​១៨ពិន្ទុ ហើយ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ឈរ​លេខ៧ មាន​១៦​ពិន្ទុ។ ក្រុម​លេខ៨ ​គឺ​អគ្គីសនីកម្ពុជា មាន១៣​ពិន្ទុ ដែរ នៅ​ពី​លើ​ក្រុមលេខ៩អាស៊ីអឺរ៉ុប មាន​១៣ពិន្ទុ ហើយក្រុម វេស្ទើនភ្នំពេញ ឈរ​លេខ១០ មាន១២ ពិន្ទុ​ ក្រុម​ស៊ីម៉ាក់ ឈរ​លេខ១១ មាន​១១ពិន្ទុ ស្រប​ពេល​ក្រុម​គីរីវង់សុខសែនជ័យ ឈរ​លេខ​១២មាន​២ពិន្ទុ។

ចំណែក​​ប្រកួត​បន្ទាប់​ក្នុង​សប្ដាហ៍​ទី១៣ នឹង​ធ្វើ​ឡើង​នៅ​ពាក់កណ្ដាល​ខែ​មិថុនា គឺ​នៅ​ថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ​២០១៧ ដោយ​ក្រុម​អាស៊ីអឺរ៉ុប ប៉ះ​ក្រុម​ព្រះខ័នរាជស្វាយរៀង នៅ​វេលាម៉ោង​៦​លើ​ទីលាន​ស្តាត​ចាស់ ហើយ​ក្រុម​ណាហ្គាវើល ជួប​ក្រុម​គីរីវង់សុខសែនជ័យ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង​៦ល្ងាច​ ខណៈ​ក្រុម​វេស្ទើនភ្នំពេញ ទទួល​ស្វាគមន៍​ក្រុម​ខេមបូឌានថាយហ្គឺរ​ នៅ​ម៉ោង​៣:៣០នាទី​រសៀល លើ​ទីលាន​កីឡដ្ឋាន​វេស្ទើន។ ចំណែក​៣គូ​ផ្សេង​ទៀត​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨​ខែ​មិថុនា គឺ​ក្រុម​អគ្គីសនីកម្ពុជា ទទួល​ក្រុម​ក្រសួងការពារជាតិ លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង វេលាម៉ោង​៦ល្ងាច ហើយ​ក្រុម​បឹងកេត ជួប​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ វេលា​ម៉ោង​៦ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ និង​ក្រុម​ភ្នំពេញក្រោន ទទួល​ក្រុម​ស៊ីម៉ាក់ នៅ​វេលា​ម៉ោង​៦ល្ងាច​លើ​ទីលាន​កីឡដ្ឋាន RSN Stadium។

សូម​រំលឹក​ថា​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​សម្រេច​បង្កើន​ក្រុម​ជា​សមាជិក​លីគ​កំពូល​របស់​ខ្លួន​ឱ្យ​កើន​ឡើង​រហូត​ដល់​១២​ក្លិប ដោយ​ត្រូវ​​ប្រកួត​គ្នា​ចំនួន២ជុំ និង​បន្ត​វគ្គ​Play-Off ស្វែង​រក​ជើង​ឯក ដោយ​ចាប់​ចាប់​ផ្តើម​ពី​ថ្ងៃទី​១៨ ខែ​កុម្ភៈ ដល់​ថ្ងៃទី២ ខែធ្នូ ឆ្នាំ​២០១៧។ ក្រុម​ជើងឯក​លីគ​កំពូល​កម្ពុជា មាន​ឱកាស​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​ដូចជា​ពានរង្វាន់ Toyota Mekong Club Championship និង​ពានរង្វាន់ AFC Cup ជាដើម៕