ទោះបីជាចំណាយពេលខ្ចីជើងលេងនៅក្លឹប Fuijida MYFC ក្នុងលីកទី៣ជប៉ុន វឌ្ឍនាកា មិនបានបង្ហាញការភ្ញាក់ផ្អើលចំពោះការគាំទ្រដ៏ជ្រាលជ្រៅរបស់អ្នកគាំទ្រក្នុងប្រទេសកម្ពុជានោះទេ ព្រោះនេះគឺជាអ្វីដែលកីឡាករវ័យ២៣ឆ្នាំចង់បានបំផុតពេលបង្ហាញសមត្ថភាពឲ្យ Pahang FA ដែលជាក្រុមថ្មីរបស់គេសម្រាប់រដូវកាល២០១៨។
កីឡាករសញ្ជាតិខ្មែររូបនេះ បានក្លាយជាកីឡាករកូតាអាស៊ានរបស់ Pahang FAនាំចូលសម្រាប់រដូវកាល២០១៨ ប៉ុន្តែបន្ថែមការភ្ញាក់ផ្អើលក្លឹបមួយនេះ បាននាំយកកីឡាករសញ្ជាតិសិង្ហបុរី Safuwan Baharudin ក្នុងបញ្ជីកីឡាករថ្មីបន្ថែមម្នាក់ទៀតផងដែរ។
Pahang FA បានឡើងវគ្គផ្ដាច់ព្រ័ត្រពាន FA Cup កាលពីរដូវកាលមុន ហើយទទួលបានជើងឯករងពាន Malaysia Super League ប៉ុន្តែលោក Dollah Salleh បានផ្ដោតសំខាន់តែពានក្នុងស្រុក ហើយបោះបង់ឱកាសលេងពាន AFC Cupដែលខ្លួនទទួលបានកៅអីមួយដែរនោះ។
វឌ្ឍនាកាបានបញ្ចេញមតិយោបល់របស់ខ្លួន ក្នុងវេបសាយផ្លូវការរបស់ Pahang FA ថា៖” ខ្ញុំពិតជាភ្ញាក់ផ្អើលដែលមានឱកាសត្រូវបានស្នើឲ្យមកលេងនៅ Pahang ហើយខ្ញុំមិនចង់ឲ្យឱកាសនេះកន្លងហួសនោះទេ។ ខ្ញុំចង់ភ្លក់រសជាតិបរិយាកាសនៅកីឡដ្ឋានរបស់ក្លឹបដែលមានអ្នកគាំទ្រដ៏អស្ចារ្យ។ ពេលមើលវីដេអូបង្ហោះពីអ្នកគាំទ្រដ៏ច្រើន ខ្ញុំមានអារម្មណ៍រំជើបរំជួលហើយចង់លេងនៅទីនេះ”។
“ ការជ្រោមជ្រែងលើកទឹកចិត្តពីអ្នកគាំទ្រនៅទីនេះ ក៏ដូចជានៅក្នុងប្រទេសកម្ពុជារបស់ខ្ញុំ គឺជាអ្វីដែលខ្ញុំចង់បាន។ មានពួកគេខ្ញុំអាចបង្ហាញគ្រប់យ៉ាងដែលខ្ញុំចេះ ពេលលីកមកដល់។ ខ្ញុំមានសុទិដ្ឋិនិយមខ្ពស់ពី Pahang ពិសេសបានឃើញនិងលេងជាមួយគ្នានៅការប្រកួត មុនបើករដូវកាលនៅថៃ ។ ខ្ញុំជឿថាក្លឹបនឹងមានសមត្ថភាពប្រជែងពានរង្វាន់បានយ៉ាងល្អ”៕