ប្រធានមូលនិធិ KMH និងជាស្ថាបនិកកីឡាបាល់ទាត់ KMH, លោក កាំង សេន បានដឹកនាំក្រុមថ្នាលយុវជនបាល់ទាត់របស់ខ្លួន ទៅស្វែងយល់កិច្ចការសង្គម និងវិស័យសិក្សាធិការ នៅសាលា Neeson Cripps Academy របស់អង្គការ មូលនិធិកុមារកម្ពុជា ហៅកាត់ CCF ដែលកសាង និងផ្ដួចផ្ដើមឡើងដោយលោក Scott Neeson។
មូលនិធិ KMH ក៏បានប្រគល់ដំបូលកន្លែងអង្គុយរង់ចាំរបស់អ្នកជំងឺ នៅក្នុងអង្គការមូលនិធិកម្ពុជា១ខ្នងផងដែរ ដែលនេះជាការផ្ដល់ជូនពីខាង ISI GROUP ដែលជាក្រុមហ៊ុនក្រុមហ៊ុនផ្គត់ផ្តង់ផលិតផលសំណង់ពីដែកប្រកបដោយគុណភាពខ្ពស់ ឈានមុខគេនៅកម្ពុជា។ លោក កាំង សេន បានឲ្យដឹងថា ការនាំយុវជនបាល់ទាត់ទៅស្វែងយល់នៅអង្គការមួយនេះ គឺមានបំណងចង់ឲ្យពួកគេយល់ដឹងពីស្ថានភាពជាក់ស្ដែងទាក់ទងទៅនឹងសាលារបស់លោក Neeson ផ្ទាល់តែម្ដង ថាតើក្មេងៗនៅទីនោះមានការរស់នៅ និងការរៀនសូត្ររបស់ពួកគេយ៉ាងណាដែរ។ នាយកមូលនិធិ KMH និងលោក Scott Neeson ក៏បានប្រគល់ និងទទួលកាដូរជាសម្ភារៈកីឡាមួយចំនួន ដើម្បីជូនដល់យុវជនសាលា Neeson Cripps Academy សម្រាប់ទុកលេងកីឡា ដើម្បីសុខភាព និងសាមគ្គីភាព។
មូលនិធិបាល់ទាត់ KMH ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់ និងអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា និងជាស្នូលវិជ្ជមានមួយចំណែក ក្នុងកិច្ចការសង្គមកម្ពុជា តាមរយៈការផ្ដល់ឱកាសដល់យុវជនក្នុងការអភិវឌ្ឍទេពកោសល្យ និងបង្ហាញសមត្ថភាពរបស់ខ្លួន។
សូមបញ្ជាក់ថា មូលនិធិ KMH តែងតែបានជួយដល់កិច្ចការសង្គមយ៉ាងសកម្ម នាពេលកន្លងមក តាមរយៈផ្តល់ថវិកា ដែលទទួលបានការជួយពីបណ្តាក្រុមហ៊ុនជាដៃគូជាច្រើន តាមរយៈព្រឹត្តិការណ៍បាល់ទាត់ KMH CUP និងKMH Champion League ជួយដល់អង្គការ មន្ទីរពេទ្យ គន្ធបុប្ជា ជាដើម៕