ក្លឹប KARA គាំទ្រដោយសហព័ន្ធកីឡាយានយន្តកម្ពុជាបាន ប្រកាសឱ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មាន កាលពីល្ងាច ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ MOTOR CAFE ក្នុងរាជធានី ភ្នំពេញថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍កីឡាប្រណាំងម៉ូតូលើផ្លូវរាប លើកទី៣ឆ្នាំ២០១៨ ដែល គ្រោងនឹងដំណើរការប្រកួតផ្លូវការ រយៈពេល០២ថ្ងៃ ចាប់ពីថៃ្ងទី១៧ ដល់១៨ ខែមីនា នៅទី លាន ពហុកីឡដ្ឋានជាតិមរតកតេជោ។
អ្នកចាត់ការទូទៅរបស់ KARA លោក ពៅ តិចឡេង បានឱ្យដឹងថា នេះជាលើកទី៣ហើយ ដែល KARA បានរៀបចំឡើង ក្នុងគោលបំណងចង់ពង្រឹងសមត្ថភាពកីឡាករកម្ពុជា ជាពិសេសចង់ឱ្យពួកគេ បានស្គាល់ច្បាប់ លក្ខន្តិកៈនៃការប្រកួតក្នុងគោលដៅឆ្ពោះទៅកាន់ ការប្រកួតប្រជែងលើឆាកអន្តរជាតិ។ គណៈកម្មការបច្ចេកទេសបានដាក់ ឱ្យប្រកួតប្រជែង លើ៥វិញ្ញាសា មានដូចជា វិញ្ញាសាAប្រភេទម៉ូតូកែច្នៃ ដោយសេរី កម្លាំង១៥០ CC, វិញ្ញាសា B ម៉ូតូមានកម្លាំងម៉ាស៊ីនចាប់ពី១៣០ដល់ ១៥០CC, វិញ្ញាសាCម៉ូតូប្រើ កម្លាំងម៉ាស៊ីន ១២៥CC, វិញ្ញាសាD ម៉ូតូអូតូកម្លាំងម៉ាស៊ីន ចាប់ពី១១០ដល់១២៥CC និង វិញ្ញាសា Endurance ប្រណាំងវិលជុំ ដែលមានអ្នកប្រណាំងធ្វើការជាក្រុម។
ក្នុងចំណោម៥វិញ្ញាសានេះមាន២វិញ្ញាសា អាចមហាជនទូទៅចូលរួមប្រកួត បានដោយមិនចាំ បាច់ជាកីឡាករអាជីពនោះទេ ពោលគឺតែមានចំណងចំណូលចិត្ត គឺអាចចូលរួមប្រកួតបាន។ ការប្រកួតនេះមានប្រទេសចូលរួមប្រកួតចំនួន៤ រួមមាន៖ វៀតណាម ថៃ ម៉ាឡេស៊ី និង ម្ចាស់ផ្ទះកម្ពុជា។
លោកបានអំពាវនាវដល់មហាជនចូលរួមគាំទ្រព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ ដើម្បីរួមគ្នា បំផុសស្មារតីកីឡាប្រណាំម៉ូតូកម្ពុជាឱ្យកាន់តែរីកចម្រើន ជាពិសេសគឺឈប់គិតថា អ្នកចូលចិត្ត ប្រណាំងម៉ូតូជាជនមិនល្អ ព្រោះការរៀបព្រឹត្តិការណ៍នេះ គឺដើម្បីបំផុសឱ្យយុវជនដែលតែង តែបង្ហោះម៉ូតូ នៅផ្លូវសាធារណៈងាក មកចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពនៅលើទីលាន ហើយងាកមក គោរពច្បាប់ និងអនុវត្តន៍ច្បាប់ឱ្យបានខ្ជាប់ខ្ជួន៕
ប្រភព៖ AKP