ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍បុណ្យទន្លេនៅមុខក្រុងតាខ្មៅ គណៈកម្មការជាតិអូឡាំពិកកម្ពុជា ជាអ្នករៀបចំលើប្រភេទកីឡានានា ដើម្បីធ្វើឱ្យទិវាមួយនេះកាន់តែមានសកម្មភាពទាក់ទាញ និងបម្រើដល់អារម្មណ៍មហាជន ដែលនឹងចូលរួមឱ្យកាន់តែរីករាយផងដែរ។
សម្រាប់កម្មវិធីបុណ្យទន្លេលើកទី៤ ឆ្នាំ២០១៨ នៅខេត្តកណ្តាលនេះ រួមមាន ថ្ងៃទី០៩ មីនា មាន៣ប្រភេទកីឡា គឺការរត់ប្រណាំងកម្សាន្ត៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ, ការប្រកួត កីឡាអុកចត្រង្គវគ្គជម្រុះឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រ អង្គរសង្ក្រាន្តនៅខេត្តសៀមរាប ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការប្រកួតកីឡាចំបាប់មហាជន។
ថ្ងៃទី ១០ មីនា មានការប្រកួតកីឡាហែលទឹកឆ្លងទន្លេបាសាក់១.០០០ម៉ែត្រ, ការប្រកួតប្រណាំង ទូកប្រពៃណី ខ្នាតវែង, ប្រកួតអុកចត្រង្គ វគ្គជម្រុះដែរ, កីឡាប្រដាល់គុនខ្មែរ និងប្រដាល់សាកល, ការប្រកួត បាល់ទាត់មិត្តភាពអន្តរជាតិកម្ពុជា-វៀតណាម នៅកីឡដ្ឋានខេត្តកណ្តាល និងការប្រកួតចំបាប់ បុរាណមហាជនដែរ។
ចំណែក ឯថ្ងៃទី១១ មីនា ក៏មានប្រភេទកីឡាប្រណាំងកង់ ចម្ងាយ៣៥ គីឡូម៉ែត្រ និងជិះកង់កម្សាន្ត ១០គីឡូម៉ែត្រ, ការប្រកួតបាល់ទះមិត្តភាពកម្ពុជា-វៀតណាម រីឯការប្រណាំងទូកប្រពៃណីខ្នាតវែង, ប្រដាល់គុនខ្មែរ-ប្រដាល់ សាកល, អុកចត្រង្គ វគ្គជម្រុះ និងចំបាប់បុរាណក៏មានការប្រកួត នៅថ្ងៃចុងក្រោយនៃ ពិធីបុណ្យទន្លេនេះដែរ៕